ទីក្រុងម៉ាឌ្រីដ៖ខ្សែប្រយុទ្ធ របស់ក្លិប Atletico Madrid ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធមួយរូបដែលលេងបានល្អនៅលើពិភពលោក ក៏ប៉ុន្តែ ខណៈពេលនេះ Diego Costa បែរជាទទួលបានតម្លៃខ្លួនមិនលោតខ្ពស់ ដោយមានលក្ខណៈសមរម្យទៅវិញ នៅក្នុងក្រុមតោខៀវ។
ការចរចាររវាង ក្លិប Chelsea និង Atletico Madrid បានឈានដល់ចំណុចបញ្ចប់ ដោយតោខៀវបានបញ្ចុះបញ្ចូល ថ្នាក់ដឹកនាំរបស់ Atletico Madrid ឲ្យ លក់ខ្សែប្រយុទ្ធ Diego Costa ដោយតោខៀវត្រូវចំណាយទឹកប្រាក់ចំនួន ៤០ លានអឺរ៉ូជូនក្លិប Atletico ។
បន្ទាប់ពីក្លិបទាំងពីរ ចរចារផ្ទេររួចរាល់នោះ ខាងកាសែត Sport បានចុះផ្សាយថា តារាបាល់ទាត់វ័យ ២៥ឆ្នាបានកាន់ប៊ិច ចុះហត្ថលេខា ៥ ឆ្នាំ ជាមួយនឹង ពហុកីឡដ្ឋាន Stamford Bridge ហើយកុងត្រានេះ នឹងជួយគាត់ឲ្យរកប្រាក់បាន ៤ លានអឺរ៉ូ ដាក់ក្នុងហោប៉ៅ ក្នុងមួយឆ្នាំៗ ផងដែរ។
ដូចដែលបានរំពឹងទុក កីឡាករ Costa នឹងហោះហើរមកកាន់ទីក្រុងឡុងដ៏ ដើម្បីធ្វើការត្រួតពិនិត្យសុខភាព មុនពេលធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល ដើម្បីចូលរូមលេង 2014 World Cup នៅពាក់កណ្តាលខែ មិថុនា ខាងមុខនេះ។
នៅរដូវកាលនេះខ្សែប្រយុទ្ធ Diego Costa គឺជាខ្សែប្រយុទ្ធមួយដែលមានឥទ្ធិពល បំផុតនៅអឺរ៉ុប ។ក្នុងនោះ Costa បង្ហាញខ្លួន ៤៩ ដង ដោយខ្សែប្រយុទ្ធមានដើមកំណើតនៅប្រេស៊ីល រកគ្រាប់បាល់បាន ៣៦ គ្រាប់ ។
អ្នកជំនាញវិភាគបាល់ បាននិយាយថា ការមកដល់ Diego Costa នឹងគំរាមកំហែងអនាគត់ កីឡាករ Torres , Eto’o និង Demba Ba ៕
មតិយោបល់