នៅថ្ងៃអង្គារនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ ប្រធានាធិបតីអាមេរិក បានប្រកាសវិធានការពង្រឹងសន្តិសុខការពារអឺរ៉ុបខាងកើត ដោយបានស្នើជាគម្រោងទឹកប្រាក់មួយពាន់លានដុល្លារ។ ទឹកប្រាក់នេះ ស្ថិតក្នុងបន្ទុករបស់អាមេរិក។ រដ្ឋាភិបាលអាមេរិកនឹងលើកគម្រោងពង្រឹងសន្តិសុខអឺរ៉ុបខាងកើតនេះ ឡើងទៅសភា។ ទន្ទឹមនេះដែរ លោកអូបាម៉ាក៏បានអំពាវនាវអោយបណ្តាប្រទេសអឺរ៉ុបជាសមាជិកអង្គការ អូតង់ ដំឡើងថវិកាយោធាបន្ថែមទៀតដែរ។
ក្នុងទស្សនកិច្ចនៅក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិកបានស្នើនូវគម្រោងផែនការពង្រឹងសន្តិសុខនៅអឺរ៉ុប ខាងកើត ដោយបានស្នើថា អាមេរិកនឹងផ្តល់១ពាន់លានដុល្លារ សម្រាប់ការពង្រឹងសន្តិសុខនេះ។ ផែនការពង្រឹងសន្តិសុខលើកឡើងដោយលោកអូបាម៉ា មានទិសដៅពង្រាយ កងកម្លាំងអាមេរិកនៅអឺរ៉ុបខាងកើត ទាំងជើងគោក ជើងទឹក និងទាំងផ្លូវអាកាសបន្ថែមទៀត។ គម្រោងនេះក៏មានទិសដៅពង្រីកសមត្ថភាពការពាររបស់ប្រទេសមិនមែនជា សមាជិកអង្គការអូតង់ បែបយ៉ាងអ៊ុយក្រែន ហ្សកហ្ស៊ី និងម៉ុលដាវីផងដែរ។
រដ្ឋាភិបាលអាមេរិកនឹងលើកយកគម្រោងពង្រឹងសន្តិសុខនៅអឺរ៉ុប ខាងកើត ឡើងទៅសភាអាមេរិក។ នេះជាវិធានការជាក់ស្តែងរបស់អាមេរិក ដើម្បីធានាការពារសន្តិសុខដល់ប្រទេសដៃគូនៅអឺរ៉ុបខាងកើត។ លោកអូបាម៉ាក៏បានសន្យាដែរថា អាមេរិកនឹងពង្រីកការចូលរួមផ្នែកជើងទឹកនៅអង្គការអូតង់ បន្ថែមទៀត។
ថ្ងៃអង្គារនេះដែរ លោកអូបាម៉ាបានអំពាវនាវអោយបណ្តាប្រទេសសមាជិកអង្គការអូតង់ ដំឡើងថវិកាការពារជាតិបន្ថែមទៀត។ ប្រធានាធិបតីអាមេរិកបានបរិហារពីការដែលអឺរ៉ុបបានកាត់បន្ថយថវិកា យោធា ដោយសារតែវិបត្តិសេដ្ឋកិច្ចកន្លងមកនោះ។ ប្រធានាធិបតីប៉ូឡូញ លោក ប្រូនីស្លាវ កូម៉ូរ៉ូវស្គី បានសន្យាដំឡើងថវិកាការពារជាតិរបស់ប៉ូឡូញ ដោយលើកឡើងថា ដោយសារស្ថានភាពសន្តិសុខផ្លាស់ប្តូរ ក្រោយរុស្ស៊ីភ្ជាប់តំបន់គ្រីមេអ៊ុយក្រែនក្នុងទឹកដីរុស្ស៊ីនោះ រដ្ឋាភិបាលប៉ូឡូញនឹងដំឡើងថវិកាការពារជាតិ អោយបាន២ភាគរយ នៃផលិតផលសរុបក្នុងស្រុក។ សព្វថ្ងៃនេះ ថវិកាការពារជាតិប៉ូឡូញមាន១,៩៥ភាគរយនៃផលិតផលសរុបក្នុងស្រុក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់