ស្វាយរៀង ៖ លោកជំទាវម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណៈកម្មាធិការថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានមានប្រសាសន៍ជំរុញឲ្យមន្ត្រីក្រុមការងារត្រូវតែបន្តពង្រឹងចុះដល់មូលដ្ឋានដើម្បីដឹងពីសុខទុក្ខផ្ទាល់ និងផ្ដល់នូវអត្ថប្រយោជន៍ពិតៗជូនប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ក្នុងទឹកដីខេត្តស្វាយរៀងពិសេសដោះស្រាយឲ្យទាន់ពេលវេលាពីសំណូមពររបស់ពួកគាត់។ មានប្រសាសន៍បង្កប់ដោយខ្លឹមសារបែបនេះខណៈពេលលោកជំទាវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀងនាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នៅសណ្ឋាគារវ៉ៃកូខេត្តស្វាយរៀង។
ជាមួយនឹងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះលោកជំទាវ ម៉ែន សំអន ក៏បានផ្ដល់នូវការលើកទឹកចិត្តដល់មន្ត្រីក្រុមការងារថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ក៏ដូចប្រធានក្រុមការងារចុះជួយតាមស្រុកទូទាំងខេត្តស្វាយរៀងទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តន៍តាមស្មារតីទទួលខុសត្រូវទាំងកម្លាំងកាយចិត្ត និងធនធានទ្រព្យសម្បត្តិជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពតាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្តនៅតែទទួលជ័យជំនះគ្រប់ភារកិច្ចជាបន្តបន្ទាប់។
លោកជំទាវ ម៉ែន សំអន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនក្នុងន័យជំរុញដល់ក្រុមការងារថ្នាក់មូលដ្ឋានឲ្យបន្តយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវខ្ពស់ជាមួយប្រជាពលរដ្ឋដោយមានខ្លឹមសារសំខាន់ៗដូចជា៖
ទី១. ក្រុមការងារគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនត្រូវបន្តសកម្មភាព និងផ្ដោតសំខាន់ក្នុងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយពលរដ្ឋដល់មូលដ្ឋានក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហាប្រឈម ការលំបាករបស់សមាជិកគណបក្ស ក៏ដូចប្រជាពលរដ្ឋទូទៅ និងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ទី២.បន្តអនុវត្តន៍តាមការកែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។
ទី៣. បង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានកាន់តែល្អដោយប្រឹងប្រែងពង្រឹងនូវសាមគ្គីភាព ឯកភាពគ្នាក្នុងធ្លុងតែមួយតាមទិសដៅរបស់ថ្នាក់ដឹកនាំគណបក្សដែលមានសម្ដេចទាំង៣ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ។
ទី៤. បន្តប្រឹងប្រែងព្យាយាមដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋាន និងត្រូវពង្រឹងរាល់សកម្មភាពការងាររបស់សមាជិកបក្សដើម្បីឲ្យមានការទទួលខុសត្រូវខ្ពស់ និងមានម្ចាស់ការក្នុងសកម្មភាពរបស់ខ្លួននៅថ្នាក់គ្រប់ថ្នាក់មូលដ្ឋានទាំងអស់។
ទី៥. គ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវបន្តពង្រឹងការអនុវត្តច្បាប់ផ្ទៃក្នុង និងត្រូវមានការជឿជាក់ចំពោះទិសដៅយុទ្ធសាស្ត្រដំណាក់កាលទី៣ត្ររបស់រាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងារផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពង្រឹងសុវត្ថិភាពភូមិឃុំ ការជួយប្រជាពលរដ្ឋ ការសម្រួលដំណើរការសេដ្ឋកិច្ច ការទប់ស្កាត់បាតុភាពអសកម្មផ្សេងៗ ពិសេសត្រូវតែថែទាំសុខភាពប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត៕
មតិយោបល់