(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានរឹបអូសគេហដ្ឋានរបស់អតីតប្រធានាធិបតីគឺ លោកស្រី ផាក គឺនហេ ហើយនឹងដាក់លក់ដេញថ្លៃ ដោយសារតែលោកស្រីផាកមិនអាចបង់ប្រាក់ពិន័យ ១៩លានដុល្លារអាមេរិកបានពាក់ព័ន្ធសំណុំរឿងពុករលួយ។
តំណាងការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល បានឱ្យដឹងថាលោកស្រី ផាក គឺនហេ បានបរាជ័យក្នុងការបង់ប្រាក់ពិន័យសរុប២១.៥ពាន់លានវ៉ុន ដែលស្មើនឹងខ្ទង់១៩លានដុល្លារអាមេរិក ដែលត្រូវបានកំណត់រយៈពេលឲ្យត្រឹមចុងខែមុន។ ដូច្នេះហើយ ខាងអាជ្ញាធរក៏បានរឹបអូសយកគេហដ្ឋានរបស់លោកស្រី និងត្រៀមដាក់លក់ដេញថ្លៃវា។
លោកស្រី ផាក ត្រូវបានទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៧ ក្រោយការផ្ទុះបាតុកម្មដ៏ក្រើកប្រឆាំងអំពើពុករលួយ ក្រោមការចោទប្រកាន់ថា លោកស្រីបានអនុញ្ញាតឲ្យមនុស្សជំនិតម្នាក់ ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ជាតិ។ អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទពុករលួយនិងរំលោភអំណាច៕
ប្រភព៖ AFP (ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១)
មតិយោបល់