(អាស៊ី)៖ បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៉ី កំពុងខ្នះខ្នែងរកប្រភពវ៉ាក់សាំងបន្ថែម ខណៈការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 តាមយន្តការអន្តរជាតិ COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) បានរងផលប៉ះពាល់ បន្ទាប់ពីឥណ្ឌាសម្រេចដាក់កំហិតលើការនាំចេញវ៉ាក់សាំង ដើម្បីផ្គត់ផ្គង់ការវ៉ាក់សាំង ជូនប្រជាជននៅក្នុងស្រុក។
កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និងឥណ្ឌូណេស៉ីជាដើម សុទ្ធតែស្ថិតក្នុងចំណោមប្រទេស ដែលត្រូវប្រឈមការការទទួលបានវ៉ាក់សាំងតិចជាងការសន្យានៅក្រោម កម្មវិធី COVAX ហើយពេលវេលាដែលវ៉ាក់សាំងមកដល់ ក៏ត្រូវពន្យារពេលផងដែរ។ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុន AstraZeneca ដើម្បីពន្លឿនការដឹកជញ្ជូនវ៉ាក់សាំង ដែលទិញតាមរយៈកិច្ចព្រមព្រៀងដាច់ដោយឡែកផ្សេង។ ចំណកឯ ហ្វីលីពីន និងវៀតណាមបានងាកទៅស្នើឲ្យខាងវិស័យឯកជន ជួយនាំចូលវ៉ាក់សាំង។
ហ្វីលីពីន និងឥណ្ឌូណេស៉ី បច្ចុប្បន្នកំពុងពឹងផ្អែកជាចម្បងទៅលើវ៉ាក់សាំងបានមកពីក្រុមហ៊ុនចិន Sinovac ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ហើយហ្វីលីពីន និងវៀតណាម ក៏ជាប្រទេសដែលបានអនុម័តឲ្យប្រើវ៉ាក់សាំង Sputnik V របស់រុស្ស៉ីផងដែរ៕
CNA៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
មតិយោបល់