ក្រោយអ៊ុយក្រែនប្រកាសស្វែងរកជំនួយពីអូតង់ និងអឺរ៉ុប ប្រធានាធិបតីបារាំងលោកម៉ាក្រុង បានរៀបចំកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែននៅក្នុងទីក្រុងប៉ារីស ដោយមានវត្តមានចូលរួមរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ម៊ែរគែលផងតាមរយៈសន្និសីទវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការប្រឈមទល់នឹងការឈ្លានពានណាមួយពីសំណាក់រុស្ស៊ី។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើតឡើងរយៈពេល ៧ ឆ្នាំកន្លងមកហើយ។ រុស្ស៊ី បានក្រសោបដណ្តើមយកតំបន់គ្រីមេរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ហើយពួកឧទ្ទាមបំបែកទឹកដីរុស្ស៊ីនិយមក៏បានប្រកាសផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយគ្រែនរហូតជំរុញឲ្យចំណងទាក់ទងរវាងរុស្ស៊ីជាមួយក្រុមប្រទេសលោកខាងលិចធ្លាក់ចុះខ្លាំងរាប់ចាប់ពីសម័យសង្គ្រាមត្រជាក់មក។

លោកពូទីន និងប្រធានាធិបតីអ៊ុយក្រែនបានជួបមុខគ្នាចុងក្រោយនៅទីក្រុងប៉ារីសកាលពីខែធ្នូ ឆ្នាំ ២០១៩ នៅឯកិច្ចប្រជុំដែលរៀបចំឡើងដោយប្រមុខរដ្ឋបារាំងលោកម៉ាក្រុង ហើយក៏មានការចូលរួមដោយលោកស្រីម៊ែរគែលផងដែរ។ កិច្ចប្រជុំកាលណោះត្រូវបានគេទទួលស្គាល់ថាជួយកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជាច្រើនខែ។
បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំបារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រនេះរួចមក ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថា លោកចង់ឲ្យមានជំនួបកំពូលចតុភាគីអ៊ុយក្រែន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីពិភាក្សារួមគ្នា អំពីបញ្ហាសន្តិសុខ នៅភាគខាងកើតអ៊ុយក្រែន និងដកចេញវិញនូវការគ្រប់គ្រងលើទឹកដីរបស់អ៊ុយក្រែន។

លោកហ្សេឡេនស្គីបានប្រាប់ថាលោកមានក្តីសង្ឃឹមថាបទឈប់បាញ់មួយ នឹងអាចត្រូវបានស្តារឡើងវិញ ក្រោមកិច្ចប្រជុំកំពូលរវាងទីប្រឹក្សាជាន់ខ្ពស់មកពីប្រទេសទាំង ៤ ខាងលើ ដែលគ្រោងធ្វើនៅថ្ងៃចន្ទ ១៩ មេសាដើមសប្តាហ៍ក្រោយ។
គួរជ្រាបថា ក្រោយរុស្ស៊ីចល័តទ័ពយ៉ាងច្រើននៅក្បែរព្រំដែនអ៊ុយក្រែន មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ុយក្រែនបានសម្តែងនូវក្តីព្រួយបារម្ភ និងបានអំពាវនាវដល់រុស្ស៊ីឲ្យដកកងទ័ពរបស់ខ្លួនចេញពីក្បែរព្រំដែនអ៊ុយក្រែន ខណៈភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើង។
ចំណែកពីខាងទីក្រុងមូស្គូវិញ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េកូវ (Dmitry Peskov) បានជំរុញលោកស្រីម៊ែរគែល និងលោកម៉ាក្រុងឲ្យប្រាប់ក្រុងកៀវបញ្ឈប់នូវសកម្មភាពបង្កហេតុណាមួយ នៅតំបន់មានជម្លោះ និងបានសង្កត់ធ្ងន់លើភាពចាំបាច់ដែលរុស្ស៊ីត្រូវតាមដានមើលសកម្មភាពរបស់អ៊ុយក្រែន៕

មតិយោបល់