(Reuter) កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិវេណេហ្សូអេឡាលោក Vladimir Padrino បាននិយាយថា ទាហាន ០៨ នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធកំឡុងពេលមានការប៉ះទង្គិចគ្នារវាងកងកំលាំងយោធា និងក្រុមប្រដាប់អាវុធខុសច្បាប់នៅតាមព្រំប្រទល់ជាមួយប្រទេសកូឡុំប៊ី ។
នៅក្នុងសេចក្តីប្រកាសខ្លីមួយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិលោក Padrino បានរៀបរាប់ឈ្មោះទាហានទាំង ០៨ នាក់នោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលពួកគេត្រូវបាន សម្លាប់នោះទេ។ កាលពីថ្ងៃច័ន្ទលោក Padrino បាននិយាយថា កងកម្លាំងយោធារបស់ប្រទេសវេណេហ្សូអេឡាបានស្លាប់ និងរងរបួសក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែនរយៈពេល ៧២ ម៉ោងមុន ប៉ុន្តែពេលនោះលោកមិនបានបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់បានស្លាប់នោះទេ។
នៅព្រឹកថ្ងៃពុធ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Domingo Hernandez បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ទាហានបួននាក់ត្រូវបានសម្លាប់នៅសមរភូមិខណៈពេលកំពុងប្រយុទ្ធគ្នាដើម្បីការពារមាតុភូមិ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីពេលវេលា ឬកន្លែងណាដែលពួកគេស្លាប់នោះទេ។ អ្នកស្លាប់ទាំងបួននាក់មានឈ្មោះក្នុងបញ្ជីរបស់លោក Padrino ផងដែរ។
ក្រសួងព័ត៌មានវេណេហ្សូអេឡាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
បើយោងតាមក្រុមសិទ្ធិមនុស្ស ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅតំបន់ព្រំប្រទល់ភាគខាងលិចនៃរដ្ឋ Apure កាលពីចុងខែមីនា ដែលបណ្តាលឲ្យជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួនចូលទៅក្នុងប្រទេសកូឡុំប៊ី។
អាជ្ញាធរមិនបានបញ្ជាក់ពីក្រុមដែលពួកគេកំពុងប្រយុទ្ធជាមួយនោះទេ ប៉ុន្តែក្រុមប្រឆាំងបានចោទប្រកាន់លោក Maduro ជាយូរមកហើយថាបានទទួលយកសមាជិកក្រុមឧទ្ទាមកូឡុំប៊ីរួមទាំងកងទ័ពរំដោះជាតិ (ELN) និងសមាជិក នៃកងកម្លាំងប្រដាប់អាវុធបដិវត្តកូឡុំប៊ី (FARC) ដែលបានបដិសេធកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ ។
យោងតាមសកម្មជនប្រឆាំងលោក Walter Marquez និងប្រភពមួយទៀតដែលសុំមិនបញ្ចេញអត្តសញ្ញាណបានអោយដឹងថា អ្នកតំណាងវិហារកាតូលិកបានរកឃើញសាកសពទាហានដែលបានស្លាប់មួយចំនួន។ អង្គការ Episcopal Conference នៃប្រទេសវេណេហ្ស៊ុយអេឡាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ៕
មតិយោបល់