កិច្ចប្រឹងប្រែងសំខាន់ៗ ត្រូវបានគេអនុម័តនៅថ្ងៃទីមួយ ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូម។ ការរួមសាមគ្គី សហការជួយប្រទេសក្រីក្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាកម្មវត្ថុចំបង។ លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បានថ្លែងថា គ្រប់គ្នាត្រូវតែទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ១៩។ នៅក្នុងន័យនេះ សហភាពអឺរ៉ុប និងជួយជាវិភាគទាន ចំនួន១០០លានដូស ឲ្យទៅប្រទេសក្រីក្រ។

នៅក្នុងឱកាសនោះដែរ បារាំងបានសន្យាចែករំលែកវ៉ាក់សាំងដែលខ្លួនមាន ជូនទៅដល់យន្តការCovax ចំនួន៣០លានដូស ពីនេះរហូតដល់ដាច់ឆ្នាំ២០២១។ លោកម៉ាក្រុង បានថ្លែងថា ជួយជាវ៉ាក់សាំងចាំបាច់មែនហើយ តែមិនទាន់គ្រាប់គ្រាន់ទេ។ គឺដោយហេតុនេះហើយ បារាំងនឹងសន្យាផ្តល់ប្រាក់ចំនួន ៥០០លានអឺរ៉ូបន្ថែមទៀត ជូនទៅដល់គម្រោងរបស់អង្គការសុខភាពពិភពលោក ចំណាយក្នុងការធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩ នៅតាមប្រទេសក្រីក្រ។

ក្នុងឱកាសប្រជុំ G20 ដឹកនាំដោយប្រទេសអ៊ីតាលីនេះដែរ តំណាងសហគ្រាសផលិតឱសថធំៗ មានដូចជា មន្ទីរពិសោធន៍ Pfizer Moderna និង Johnson & Johnson បានសន្យាថា នឹងផលិតវ៉ាក់សាំងលក់ក្នុងតម្លៃថោក ជួយដល់ប្រទេសក្រីក្រ ចំនួនសរុប ៣៥០០លានដូស ពីនេះរហូតដល់ដាច់ឆ្នាំ២០២២។ មន្ទីរពិសោធន៍ Pfizer មានចំណែកប្រមាណ២ពាន់លានដូស Moderna ១ពាន់លានដូស និង Johnson & Johnson ប្រមាណ៥០០លានដូស។

ដោយឡែក ទាក់ទិននឹង គំនិត ចង់ព្យូរកម្មសិទ្ធិបញ្ញារបស់វ៉ាក់សាំង គឺប្រហែលជាក្រុមប្រទេស G20 នឹងមិនអនុម័តគាំទ្រទេ ដោយសារតែ វាមិនអាចទៅជួយពន្លឿនអ្វីដល់ការផលិតវ៉ាក់សាំង ជួយប្រទេសក្រីក្រ នៅពេលនេះទេ។ តែយ៉ាងណា ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ អាចរួមគ្នាធ្វើសេចក្តីប្រកាស សន្យាផ្រទេចំណេះដឹង បច្ចេកវិទ្យា ជួយដល់ប្រទេសក្រីក្រ ជាពិសេសនៅតំបន់អាហ្វ្រិក ឲ្យមានលទ្ធភាពផលិតវ៉ាក់សាំង ទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ កិច្ចប្រជុំ G20 ក៏បានអំពាវនាវផងដែរ ឲ្យប្រទេសអ្នកមានខ្លះ ដូចជាសហរដ្ឋអាមេរិកជាដើម ត្រូវឈប់ហាមឃាត់ការនាំចេញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅលើទឹកដីខ្លួន៕
មតិយោបល់