(រ៉យទ័រ) កាលពីថ្ងៃអាទិត្យអាជ្ញាធរប្រទេស Belarus បានបញ្ជាឲ្យយន្តហោះចម្បាំងមួយគ្រឿងចេញប្រតិបត្តិការប្រកាសសញ្ញា អាសន្នក្លែងក្លាយថាមានគ្រាប់បែក ដើម្បីបង្ខំឲ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ចុះចត បន្ទាប់មកបានចាប់អ្នកកាសែតរបស់ក្រុមប្រឆាំងម្នាក់នៅលើយន្តហោះនោះ ដែលទង្វើនេះបាន ទទួលការថ្កោលទោសពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
មេដឹកនាំអឺរ៉ុបមួយចំនួនបានពិពណ៌នាថានេះជា ការប្លន់យន្តហោះ ដែលយន្ដហោះដឹកអ្នកដំណើរនោះ បានធ្វើដំណើរចេញពីក្រុង Athens ទៅកាន់ប្រទេស Lithuania ដោយភ្លាមៗនោះត្រូវបានគេបង្វែរទិសដៅទៅកាន់រដ្ឋ Minsk ដែលជារដ្ឋធានីនៃប្រទេស Belarus អមដោយយន្ដហោះចម្បាំងប្រភេទ MiG-29 ដែលផលិតក្នុងសម័យសូវៀត។ ហើយនៅពេលដែលចុះចតរួចរាល់ អាជ្ញាធរបាននាំអ្នកកាសែតម្នាក់ ដែលមានឈ្មោះ Roman Protasevich ទៅកាន់កន្លែងឃុំឃាំង។
ទីភ្នាក់ងារសារព័ត៌មាន Delfi របស់ Lithuania បានដកស្រង់សម្តីរបស់អ្នកដំណើរមួយរូបដែលនិយាយថា លោក Protasevich បានអង្គុយដោយមានការភិតភ័យយ៉ាងខ្លាំងហើយដាក់ដៃនៅលើក្បាលនៅពេលដែលដឹងថាជើងហោះហើរឆ្ពោះទៅកាន់ទីក្រុង Minsk ។ យោងតាមរបាយការណ៍ នៅពេលគាត់ត្រូវបាននាំចេញទៅ គាត់បាននិយាយថា “ខ្ញុំនឹងទទួលទោសប្រហារជីវិតនៅទីនេះ” ។ ប៉ុន្តែរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍នោះបានទេ។
អ្នកកាសែតវ័យ ២៦ ឆ្នាំរូបនេះបានធ្វើការឲ្យភ្នាក់ងារព័ត៌មានអនឡាញដែលមានមូលដ្ឋាននៅប៉ូឡូញឈ្មោះ NEXTA បានចាក់ផ្សាយនូវការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងប្រធានាធិបតី ប្រទេស Belarus លោក Alexander Lukashenko កាលពីឆ្នាំមុន តាមរយៈកម្មវិធីផ្ញើសារតាមបណ្តាញសង្គម Telegram នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបរទេសពិបាកធ្វើការចាក់ផ្សាយ។
លោក Protasevich ដែលបច្ចុប្បន្នបម្រើការឱ្យបណ្តាញព័ត៌មាន Telegram ផ្សេងមួយទៀតដែលមានឈ្មោះថា Belamova ត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេស Belarus ដោយបទចោទប្រកាន់ពីបទជ្រុលនិយម និងរៀបចំកុប្បកម្មទ្រង់ទ្រាយធំ និងជាការញុះញង់ឲ្យមានការស្អប់ខ្ពើមសង្គម ជាបទចោទប្រកាន់ ដែល លោកបានបដិសេធ ៕
មតិយោបល់