តាមរយៈការជូនដំណឹងពីយុទ្ធនាការចាក់វ៉ាក់សាំងដល់បណ្តាជនបរទេសនៅទូទាំងប្រទេសនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក៏បានប្រកាសឲ្យដឹងពីលក្ខខណ្ឌក្នុងការទទួលបានវ៉ាក់សាំងសម្រាប់ជនជាតិកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ។ នោះគឺពលរដ្ឋកម្ពុជាអាចចុះឈ្មោះ ដោយប្រើប្រាស់លិខិតឆ្លងដែនរបស់ខ្លួននិយាយជារួម និងនិយាយដោយឡែកសម្រាប់ពលករកម្ពុជាវិញ ត្រូវប្រើប្រាស់ប័ណ្ណសន្តិសុខសង្គម ដែលចេញដោយក្រសួងការងារថៃ ទទួលស្គាល់ថាពួកគេជាពលករស្របច្បាប់។
លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករនៃអង្គការCentral បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ការផ្តល់វ៉ាក់សាំងសម្រាប់តែពលករស្របច្បាប់មិនមែនជាដំណោះស្រាយចំពោះបញ្ហារាលដាលជំងឺកូវីដ-១៩នោះទេ តែអ្វីដែលរដ្ឋាភិបាលថៃគួរធ្វើនោះ គឺជាការចាក់វ៉ាក់សាំងជូនដល់ពលករទាំងអស់ និងវាយតម្លៃលើទីតាំងសហគ្រាសណាដែលមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩។
ជាគម្រោងនៃយុទ្ធនាការ ក្រសួងសុខាភិបាលថៃ បានអះអាងពីលទ្ធភាពនៃចំនួនក្រុមជនបរទេសអាទិភាពទាំងនោះ ដោយកំណត់ចំនួនមនុស្សចាក់ចំនួន៨ម៉ឺននាក់ ក្នុងមួយថ្ងៃសម្រាប់ទីក្រុងបាងកក និងចំនួនជាង៧ម៉ឺននាក់ ក្នុងមួយថ្ងៃសម្រាប់ខេត្តផ្សេងៗ។
គួរជម្រាបថា បច្ចុប្បន្នកម្ពុជាមានពលករប្រមាណ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ ដោយមាន១,៤លាននាក់ ជាពលករស្របច្បាប់ និង៦០ម៉ឺននាក់ ជាពលករខុសច្បាប់។ នេះបើតាមរបាយការណ៍របស់អង្គការសង់ត្រាល់ ហើយនៅមួយរយៈកាលនៃការរាលដាលជំងឺកូវីដ-១៩ នៅប្រទេសថៃ មានពលករកម្ពុជាចូលមកក្នុងប្រទេសវិញប្រមាណជាង២០ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០២០មក៕
មតិយោបល់