ព័ត៌មានជាតិ

វៀតណាមអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinopharm

 

(ហាណូយ)៖ វៀតណាម នៅថ្ងៃសុក្រ ទី០៤ ខែមិថុនានេះ បានប្រកាសថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។

ការអនុម័តខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ចំពោះមុខការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលវៀតណាមបានរកឃើញអ្នកឆ្លងជំងឺនេះ រាប់រយករណីនៅក្នុងមួយថ្ងៃៗ។ Sinopharm គឺជាវ៉ាក់សាំងទី ៣ ហើយដែលប្រទេសវៀតណាម បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V។

Sinopharm ជាវ៉ាក់សាំងទី១របស់ចិន ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោយពីស្ថាប័នជំនាញរបស់អង្គការនេះ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ ក្រុមហ៊ុនចិន Sinovac ក៏ទើបត្រូវបាន WHO ប្រកាសទទួលស្គាល់ជាផ្លូវការផងដែរ៕

ប្រភព៖​ Reuters

 

 

មតិយោបល់