(រ៉យទ័រ) ៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា បុរសម្នាក់បានបោះក្បាលមនុស្សចោលនៅឯការិយាល័យបោះឆ្នោតមួយនៅឯព្រំដែននៃទីក្រុង Tijuana ហើយថង់ប្លាស្ទិកដែលពោរពេញទៅដោយសរីរាង្គមនុស្សត្រូវបានគេរកឃើញនៅក្បែរនោះផងដែរ ខណៈដែលប្រជាជនម៉ិចស៊ិកូកំពុងបោះឆ្នោតពាក់កណ្តាលអាណាត្តិនៅទូទាំងប្រទេស ។
អាជ្ញាធរបាននិយាយថា បុរសនោះបានរត់គេចខ្លួន ប៉ុន្តែពួកគេមិនបានបញ្ជាក់ថាតើគាត់ត្រូវបានចាប់ខ្លួន ឬយ៉ាងណានោះទេ។ ពួកគេបាននិយាយថា ពួកគេបានរកឃើញថង់ប្លាស្ទិចដែលមានសរីរាង្គមនុស្ស និងដៃដែលដាច់ចេញពីខ្លួននៅក្នុងតំបន់នោះ ។
ប៉ុន្តែគេនៅតែមិនទាន់ដឹងច្បាស់ថា តើអំពើដ៏គួរឲ្យខ្លាចបែបនេះធ្វើឡើងក្នុងគោលបំណងអ្វី និងថាតើវាទាក់ទងទៅនឹងការបោះឆ្នោតនៅថ្ងៃអាទិត្យនោះដែរឬទេ។
យុទ្ធនាការបោះឆ្នោតសម្រាប់សមាជិកសភា និងអាជ្ញាធររដ្ឋគឺ ជាយុទ្ធនាការមួយក្នុងចំណោមការបង្ហូរឈាមធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ម៉ិកស៊ិកូ។ អ្នកពិគ្រោះយោបល់ផ្នែកសន្តិសុខលោក Etellekt បាននិយាយថាអ្នកនយោបាយ ៩៧ នាក់ត្រូវបានសម្លាប់ និង ៩៣៥ នាក់ផ្សេងទៀតត្រូវបានវាយប្រហារ។
ក្នុងថ្ងៃបោះឆ្នោតដដែល នៅកន្លែងផ្សេងទៀតមានជនម្នាក់បានបោះគ្រាប់បែកដៃទៅក្នុងការិយាល័យបោះឆ្នោតមួយនៅក្នុងរដ្ឋម៉ិកស៊ិកូតែគ្រាប់បែកនោះពុំបានផ្ទុះឡើយ។ អ្នកបោះឆ្នោតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា ហ្វូងមនុស្សបានបែកខ្ញែកគ្នា ប៉ុន្តែក្រោយមកក៏វិលត្រឡប់ទៅវិញ។
ប្រភពដដែលបានបន្តទៀតថា “ប្រជាជនបាននិយាយថាពួកគេនឹងទៅបោះឆ្នោត ហើយពួកគេនឹងមិនត្រូវបានបំភិតបំភ័យឡើយ” ។ វាពិតជាអាក្រក់ណាស់។
ប្រភពនៅការិយាល័យរដ្ឋអាជ្ញាបាននិយាយថា នៅ Sinaloa មនុស្សប្រដាប់អាវុធបានប្លន់សម្ភារៈបោះឆ្នោតពីស្ថានីយ៍បោះឆ្នោត ៕
មតិយោបល់