(អូតតាវ៉ា)៖ ក្រសួងសុខាភិបាលកាណាដាបានឱ្យដឹងថាខ្លួននឹងមិនប្រើប្រាស់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ជាង ៣០០,០០០ដូស ដែលបានមកដល់ប្រទេសកាណាដា កាលពីខែមេសាឡើយ ដោយសារតែបារម្ភពីបញ្ហាគុណភាព។
ការសម្រេចចិត្តខាងលើរបស់ក្រសួងសុខាភិបាលកាណាដា កើតមានឡើងបន្ទាប់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយនៅថ្ងៃសុក្រនេះដែរថាក្រុមហ៊ុន Johnson & Johnson ត្រូវតែបោះចោលវ៉ាក់សាំងរបស់ខ្លួនរាប់លានដូសដែលត្រូវបានផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុន BioSolutions ក្នុងទីក្រុង Baltimore ។
FDA ក៏ធ្លាប់បានបញ្ឈប់ការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រនេះផងដែរក្រោយរកឃើញថាគ្រឿងផ្សំ ផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មាននៅក្នុងកញ្ចប់មួយចំនួននៃវ៉ាក់សាំង Johnson & Johnson។
ក្រសួងសុខាភិបាលកាណាដាបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា៖ «ជាវិធានការបង្ការការពារសុខាភិបាល និងសុវត្ថិភាព របស់ប្រជាជនកាណាដា ក្រសួងសុខាភិបាលកាណាដានឹងមិនប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នោះទេ ដោយសារតែបារម្ភពីបបញ្ហាគុណភាពពាក់ព័ន្ធនឹងគ្រឿងផ្សំ ផលិតវ៉ាក់សាំងនេះនៅឯរោងចក្រមួយនៃក្រុមហ៊ុន Emergent BioSolutions ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក»៕
ប្រភព៖ Xinhua
មតិយោបល់