ព័ត៌មានជាតិ

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងជាន់ខ្ពស់ជាច្រើននាក់ ក្រោយមានឧប្បដិហេតុធ្ងន់ធ្ងរក្នុងការទប់ស្កាត់កូវីដ-១៩

 

(សេអ៊ូល)៖ មន្ត្រីជានើខ្ពស់កូរ៉េខាងជើងជាច្រើននាក់ត្រូវបានលោក គីម ជុងអ៊ុនបានបណ្ដេញចេញពីតំណែង ដោយសារធ្វេសប្រហែសក្នុងការទប់ស្កាត់ ជំងឺឆ្លងរាតត្បាត COVID-19។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ បានបញ្ជាក់ថាក្រុមមន្ត្រីជាន់ខ្ពស់ ខាងលើបានធ្វេសប្រហែសក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបង្កឱ្យមានឧប្បដិហេតុធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធានាការពារ សន្តិសុខរបស់រដ្ឋ និងសុវត្ថិភាពប្រជាជន។ ដូច្នេះហើយទើបពួកគេត្រូវបានដកតំណែង ហើយលោក គីម ក៏បានតែងតាំងមន្ត្រីផ្សេងជំនួសពួកគេផងដែរ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លម្អិតពីឈ្មោះក្រុមមន្ត្រីដែលត្រូវបានដកតំណែង ឬក៏ថាតើមានបញ្ហាអ្វីឱ្យប្រាកដកំពុងកើតឡើង នោះទេ ស្របពេលទីក្រុងព្យុងយ៉ាងនៅតែអះអាងថាមិនមានករណីឆ្លង COVID-19 នៅក្នុងប្រទេសសូម្បីតែមួយករណី៕

ប្រភព៖​​​​​​ AFP

មតិយោបល់