“ប្រឈមនឹងភេរវនិយម កងកម្លាំងពិសេសបារាំងអាមេរិកបានអភិវឌ្ឍភាពជាបងប្អូនរួមអាវុធ។ កិច្ចព្រមព្រៀងនេះជាការរឹតបន្តឹងចំណងភាតរៈដែលបានវេញយូរហើយ”។ នេះជាសារទ្វីតរបស់លោកស្រីរដ្ឋមន្ត្រីការពារជាតិ ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការអាមេរិកបារាំងរួច ដោយពុំមានលម្អិតអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងទេ។
ប៉ុន្តែបើតាមអ្នកនាំពាក្យវិមានបញ្ចកោណ កិច្ចព្រមព្រៀងអាមេរិក មិនសំដៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ណាមួយដោយជាក់លាក់ឡើយ។ អាមេរិកនិងបារាំងកាន់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយមលើគ្រប់សមរភូមិទាំងអស់។
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនៅសហរដ្ឋអាមេរិក និងការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការយោធា ប្រព្រឹត្តទៅជួនចំពេលដែល សហរដ្ឋអាមេរិកត្រូវដកទ័ពចេញពីអាហ្វហ្កានីស្ថាន ចំណែកបារាំងសម្រេចកាត់បន្ថយវត្តមានកងទ័ពបារាំងនៅតំបន់Sahel។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៨ កក្កដាថា សង្គ្រាមអូសបន្លាយដ៏វែងជាងគេបំផុតរបស់អាមេរិក ជិតដល់ទីបញ្ចប់ហើយ ដោយអាមេរិកនឹងដកកងទ័ពទាំងស្រុងចេញពីអាហ្វហ្កានីស្ថាន នៅត្រឹមថ្ងៃទី ៣១សីហា។ ចំណែកប្រធានាធិបតីបារាំង ក្នុងជំនួបកំពូលជាមួយក្រុមប្រទេសនៅតំបន់សាហ៊ែល G5-Sahel លោក អេម៉ាណុយអែល ម៉ាក្រុង បានគូសបញ្ជាក់នៅថ្ងៃសុក្រទី ៩កក្កដា អំពីការបិទមូលដ្ឋានទ័ពនៅភាគខាងជើងប្រទេសម៉ាលី ជាបណ្តើរៗពីពេលនេះដល់ចុងឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃការកាត់បន្ថយវត្តមានកងទ័ពនៅតំបន់សាហ៊ែលSahel។
ប៉ុន្តែបារាំងនិងអាមេរិកមិនបោះបង់ការប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយមទេ។ ក្នុងពេលផ្តោះប្តូរយោបល់ជាមួយក្រុមអ្នកជំនាញ ក្រោយទស្សនកិច្ចនៅក្រសួងការពារជាតិអាមេរិក លោកស្រី ប៉ាលី លើកឡើងថាប្រតិបត្តិការ Takuba របស់កងកម្លាំងពិសេសអឺរ៉ុប ជាគំរូជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ។ ការគាំទ្ររបស់អាមេរិកក្នុងប្រតិបត្តិការនៅតំបន់សាហ៊ែលជាច្រើនប៉ុន្មានឆ្នាំមកនេះ បានផ្តល់លទ្ធផលជាក់ស្តែង។ ដូច្នេះបារាំងត្រូវតែបន្តសហការជាមួយអាមេរិកទៀត។ នេះបើតាមការបញ្ជាក់របស់លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងដដែល៕
មតិយោបល់