ព័ត៌មានជាតិ

ព្យុះភ្លៀងមូសុងផ្ដាច់ជីវិតមនុស្សកើនដល់ ១៥៩នាក់, បាត់ខ្លួនរាប់សិបនាក់ នៅឥណ្ឌា

 

(ម៉ុមបៃ)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះភ្លៀងរដូវមូសុង នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩នាក់ហើយ ខណៈក្រុមអ្នកជួយសង្រ្គោះបន្តដុតដៃដុតជើងស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួននៅឡើយ។

តំបន់ជាប់ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងលើសកម្រិត ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយ អាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងកើតឡើងក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។

បើតាមអាជ្ញាធរឥណ្ឌា គ្រាន់តែនៅក្នុងរដ្ឋ Maharashtra តែមួយ មនុស្សចំនួន ១៤៩នាក់បានស្លាប់ ក្នុងនោះមានមនុស្សជាង ៤០នាក់ទៀតបានស្លាប់នៅក្នុងគ្រោះរអិលបាក់ដីដ៏សម្បើមមួយដែល បានវាយប្រហារលើភូមិ Taliya ស្ថិតនៅចម្ងាយ ២៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Mumbai កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ចំណែកឯ មនុស្សច្រើនជាង ២៣០,០០០នាក់ ក៏ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ៕

ប្រភព៖​​​​​​​ AFP

 

មតិយោបល់