នៅក្នុងការចុះផ្សាយ កាលពីថ្ងៃអាទិត្យ កាសែត Finacial Timesបានសរសេរថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ដូចជា Pfizer និងModerna នឹងដំឡើងថ្លៃវ៉ាក់សាំងបង្ការកូវីដ នៅក្នុងក្របខ័ណ្ឌផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់សហភាពអឺរ៉ុប។
តាមកាសែតសេដ្ឋកិច្ចខាងលើ នៅក្នុងកិច្ចសន្យាលក់ឲ្យសហភាពអឺរ៉ុប វ៉ាក់សាំង បង្ការកូវីដរបស់ក្រុមហ៊ុនPfizer នឹងឡើងថ្លៃ ៤អឺរ៉ូ ពី ១៥,៥ទៅ ១៩,៥អឺរ៉ូ ចំណែកថ្នាំបង្ការកូវីដរបស់ក្រុមហ៊ុនអាមេរិកាំង Moderna នឹងឡើងថ្លៃ ពី ១៩ ទៅ ២៥,៥អឺរ៉ូ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃចន្ទ រដ្ឋលេខាធិការរដ្ឋបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកClément Beaune បាននិយាយប្រាប់ឲ្យគេប្រយ័ត្នប្រយែងពីការចុះផ្សាយតម្លៃវ៉ាក់សាំង ព្រោះថា អ្វីៗកំពុងស្ថិតនៅក្នុងដំណាក់កាល ចរចា នៅឡើយ ពោលគឺ គេនៅមិនទាន់ដឹងតម្លៃពិតប្រាកដ ចុងក្រោយនោះទេ។
យ៉ាងណាក៏ដោយ លោកBeaune ទទួលស្គាល់ថា តម្លៃវ៉ាក់សាំង នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់ នាពេលខាងមុខ ប្រាកដជាឡើងថ្លៃ ព្រោះ ភាគីអឺរ៉ុបបានទាមទារ ដាក់លក្ខខណ្ឌមួយចំនួនជាមួយក្រុមហ៊ុន ដូចជា អនាគត វ៉ាក់សាំងបង្ការកូវីដត្រូវមានប្រសិទ្ធិភាព សម្របខ្លួន ជាមួយមេរោគបំប្លែងខ្លួន មួយផ្នែកធំនៃផលិតកម្មថ្នាំបង្ការកូវីដ ត្រូវធ្វើឡើងនៅទឹកដីអឺរ៉ុប។ លើសពីនោះ ក្រុមហ៊ុនត្រូវផ្គត់ផ្គង់ ឲ្យទៀងទាត់ពេលវេលា ឬត្រូវប្រឈមនឹងការបង់សងថ្លៃខូចខាត ក្នុងករណីយឺតយ៉ាវ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។
ការសិក្សាមួយចំនួនដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP បានបង្ហាញថា វ៉ាក់សាំង របស់ក្រុមPfizer និងModerna ដែលផលិតតាមបច្ចេកវិទ្យាថ្មី mRNA មានប្រសិទ្ធិភាពខ្ពស់ ទៅលើមេរោគបំប្លែងខ្លួន “ដែលតា” ដែលមានវត្តមានដំបូងនៅឥណ្ឌា។
គេវាយតម្លៃថា ជាមួយនឹងការកើន ឡើងវិញនៃករណីឆ្លងជំងឺកូវីដ ដែលបង្កឡើងដោយមេរោគបំប្លែងខ្លួន កូវីដ និងការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក បរិមាណលក់វ៉ាក់សាំងបង្ការកូវីដ របស់ក្រុមហ៊ុនPfizer រួមជាមួយមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNtech និងក្រុមហ៊ុនModerna ស្ទុះឡើងលឿនខ្លាំងដែរ នៅឆ្នាំនេះ។
មតិយោបល់