(សេអ៊ូល)៖ ការអំពាវនាវរបស់កូរ៉េខាងត្បូងឱ្យបញ្ចប់សង្រ្គាមកូរ៉េ គឺលឿនរហ័សពេកហើយ ខណៈមិនមានអ្វីមកធានាបានថាវានឹងនាំទៅរកការបិទបញ្ចប់ នយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាងនោះទេ។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Thae Song។
លោក Ri Thae Song ធ្វើការកត់សម្គាល់បែបនេះតាមរយៈការស្រង់សម្ដីរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។ លោក Ri បាននិយាយគ្មានអ្វីនឹងផ្លាស់ប្ដូរ ឡើយ ដរាបណាស្ថានការណ៍នយោបាយនៅជុំវិញកូរ៉េខាងជើងនៅតែមិនមានការផ្លាស់ប្ដូរ ហើយអាមេរិកនៅតែបន្តអនុវត្តនយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាង សហរដ្ឋអាមេរិកគួរតែណាស់តែលុបចោលនយោបាយស្ដង់ដារពីរ និងអរិភាពរបស់ខ្លួនដើម្បី រក្សាស្ថិរភាព និងសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។
ការកត់សម្គាល់របស់លោក Ri Thae Song ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះបានអំពាវនាវឱ្យមានការបិទ បញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ កំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ជាមួយការស្នើឱ្យកូរ៉េទាំង២ រួមជាមួយសហរដ្ឋអាមេរិក និងចិនធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាមួយ។
កូរ៉េទាំង២ សព្វថ្ងៃនៅតែស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមនឹងគ្នាជានិច្ច ពីព្រោះថាក្រោយបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) កូរ៉េទាំង២បានឯកភាពគ្នាតែលើបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមនោះទេ៕
ប្រភព៖ AFP
មតិយោបល់