ព័ត៌មានជាតិ

ព្យុះត្រូពិក Kompasu ផ្ដាច់ជីវិតមនុស្ស ១៩នាក់ នៅហ្វីលីពីន

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ បាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់បង្កឡើងដោយ ព្យុះត្រូពិក Kompasu បានកើនដល់ ១៩នាក់ ខណៈ១៤ នាក់បន្តបាត់ខ្លួននៅឡើយ។

ចំនួនអ្នកស្លាប់ទាំង១៩នាក់ខាងលើ ក្នុងនោះមានភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Ilocos Sur ជាទីដែលជនរងគ្រោះភាគច្រើនស្លាប់ ដោយសារទឹកគួចយកទៅបាត់។ បណ្ដាខេត្តជាច្រើននៅលើកោះ Luzon បានរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារព្យុះ Kompasu ដែលបានបង្កការខូចខាតដល់ដំណាំកសិកម្មនានា និងផ្ទះសម្បែងគិតជាទឹកប្រាក់ស្មើនឹង ២០លានដុល្លារ។

ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេក្នុងផ្ដល់ ជំនួយដល់ប្រជាជនជិត ១៥,០០០នាក់ដែលកំពុងស្នាក់នៅជំរំបណ្ដោះអាសន្ន និងតាមស្វែងរកអ្នកបាត់ខ្លួន៕

ប្រភព៖​​​​​​ AFP

មតិយោបល់