ព័ត៌មានជាតិ

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃទី១នៃបុណ្យអុំទូក មានភ្ញៀវទេសចរដើរកម្សាន្តជាង១៣ម៉ឺននាក់ ហើយនឹងបន្តកើនឡើងនៅទី២ និងទី៣

(ភ្នំពេញ)៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១៨,០៧៣ នាក់
* ខេត្តកំពត ១៥,៨៤០ នាក់
* ខេត្តសៀមរាប ១៥,២៦០ នាក់
* ខេត្តកែប ១២,៨៨០ នាក់
* ខេត្តមណ្ឌលគិរី ១០,០១០ នាក់
* ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ឱ្យដឹងថា ចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រាប់ទាំងគោលដៅទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូទេសចរណ៍ កសិ-ទេសចរណ៍ និងរមណីយដ្ឋានកែច្នៃបែបលក្ខណៈគ្រួសារជាដើម។ តាមការវាយតម្លៃបឋម ភ្ញៀវទេសចរនឹងមានចំនួនកាន់តែច្រើននៅថ្ងៃទី២ និងទី៣ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។

ឯកឧត្ដមបានបន្តថា បើទោះបីជាពុំមានការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក៏ប្រជាពលរដ្ឋនៅតែដើរកម្សាន្តច្រើននៅមុខព្រះបរមរាជវាំង ខណៈដែលកន្លែងខ្លះក៏មានការរៀបចំការប្រណាំងទូកខ្នាតតូច ដូចជានៅកោះប្រាក់ ស្រុកកៀនស្វាយក្នុងខេត្តកណ្តាល និងនៅបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យជាដើម ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្តបានតុបតែងលម្អទីរួមខេត្ត និងទីប្រជុំជននានាឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្ដម ថោង ខុន បានបន្តទៀតថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានចេញដំណើរទៅតាមខេត្តតាំងពីល្ងាចថ្ងៃម្សិលមិញ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមានសភាពកកកុញ ពិសេសផ្លូវជាតិលេខ៦ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តគោលដៅភាគខាងជើង និងភាគពាយព្យ និងផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តកែប និងខេត្តកំពត។ នាល្ងាចថ្ងៃព្រហស្បតិ៍ ចរន្តភ្ញៀវចូលទៅគោលដៅខេត្តសំខាន់ៗ ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើមនៅតែមានភាពកកកុញពេញដោយភ្ញៀវទេសចរ ខណៈដែលភ្ញៀវទេសចរមួយចំនួនបាននិងកំពុងដើរកម្សាន្តច្រើនគោលដៅឆ្លងពីខេត្តមួយទៅខេត្តមួយ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានបន្ថែមថា អត្រាកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់គឺមានច្រើន ពិសេសខេត្តគោលដៅសំខាន់ៗ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើម ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើនបានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តវិធានការ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ SOP របស់ក្រសួងទេចរណ៍ និងវិធានការសុខាភិបាលនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរក៏បានចូលរួមទប់ស្កាត់បានល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាត ឬបណ្ណចាក់វ៉ាក់សាំង។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានរាយការណ៍ដែរថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ដោយមានការចាត់កម្លាំងសមត្ថកិច្ច និងក្រុមការងារប្រចាំការនៅតាមទីតាំងសំខាន់ៗ និងតាមរមណីយដ្ឋានទេសចរណ៍នានា។

ឯកឧត្ដមថា គ្រប់ផ្នែកពាក់ព័ន្ធ ពិសេសវិស័យឯកជនបានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យមានការដើរកម្សាន្តពេញលេញនាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ដែលបង្កើតជាឱកាស និងក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមអាជីវកម្មឡើងវិញ៕

មតិយោបល់