ព័ត៌មានជាតិ

ថ្ងៃទី២នៃបុណ្យអុំទូក ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង៣៣ម៉ឺននាក់, សរុប២ថ្ងៃមានចំនួនជាង៤៦ម៉ឺននាក់

ភ្នំពេញ)៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃឈប់សម្រាកទី២នេះ រួមមាន៖
* រាជធានីភ្នំពេញ ៦៦,៧៥០នាក់
* ខេត្តសៀមរាប ៤៧,៧០២នាក់
* ខេត្តព្រះសីហនុ ៤៤,២៤២នាក់
* ខេត្តកំពត ៣៣,២៥២នាក់
* ខេត្តកែប ២៩,១១៧នាក់
* ខេត្តពោធិ៍សាត់ ២១,៣១៣នាក់
* ខេត្តបាត់ដំបង ១១,១៨៩នាក់
* ខេត្តមណ្ឌលគិរី ១០,៦២០នាក់
* ខេត្តរតនគិរី ១០,១៧៨នាក់។

លោករដ្ឋមន្ត្រីបានបន្តថា ដូចការរំពឹងទុក ចរន្តភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកទី២នេះ មានការកើនឡើងខ្លាំង ពោលគឺកើនឡើង១៥២.១៥% ធៀបនឹងថ្ងៃទី១ម្សិលមិញ។ ដូច្នេះសរុបរយៈពេល២ថ្ងៃនេះ ភ្ញៀវសរុបមានចំនួន៤៦៤,៨៨៨នាក់។

សកម្មភាពពេលរាត្រីនៅតាមបណ្តាទីរួមខេត្ត រាជធានី និងទីប្រជុំជននានាមានភាពអ៊ូអរ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសកម្មភាពកម្សាន្តដូចជាបៀរហ្កាដិនជាដើម បានបើកដំណើរការឡើងវិញដែលជាគាំទ្រដល់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងបង្កើនចំណូលរបស់វិស័យឯកជន និងប្រជាពលរដ្ឋ។

លោក ថោង ខុន បានបន្តទៀតថា ការចល័តរបស់ភ្ញៀវទេសចរពីខេត្តមួយទៅខេត្តមួយនឹងនៅតែមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលការកក់សណ្ឋាគារនៅតាមគោលដៅសំខាន់ៗដូចជាខេត្តព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និងរតនគិរី គឺនៅតែមានកម្រិតខ្ពស់ គឺស្ថិតនៅចន្លោះពី ៨០-៩០%។

លោកបានលើកឡើងអំពីការគ្រប់គ្រងគុណភាពសេវាកម្ម ផលិតផលទេសចរណ៍ បរិស្ថាន អនាម័យ គឺពុំមានបញ្ហាកត់សម្គាល់ណាមួយកើតឡើងទេ ស្របពេលដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានខិតខំផ្តល់សេវាជូនភ្ញៀវទេសចរប្រកបដោយស្តង់ដា ទោះបីប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នាពេលកន្លងមក។

ពាក់ព័ន្ធការងារទប់ស្កាត់ជំងឺកូវីដ-១៩ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរ បានខិតខំពង្រឹងការអនុវត្ត និងចូលរួមអនុវត្តរាល់វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល វិធានសុវត្ថិភាពទេសចរណ៍ SOP ពិសេសវិធានការ ៣កុំ និង ៣ការពារ។

គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបន្តខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ បើទោះបីតំបន់ខ្លះប្រឈមនឹងស្ថានភាពភ្លៀងធ្លាក់៕

មតិយោបល់