(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្កោលទោសដោយចាត់ទុកក្រុមអង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប ថាជាក្រុមធ្វើចារកម្ម ដែលព្យាយាមបង្ខូចដំណើរការបោះឆ្នោតថ្នាក់តំបន់នៃប្រទេសរបស់លោក។
ការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅនេះ គឺជាលើកទីមួយហើយ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ដែលសហភាពអឺរ៉ុប (EU) បានបញ្ជូនបេសកជន ឲ្យមកអង្កេតការណ៍លើដំណើរការបោះឆ្នោត នៅប្រទេសអាមេរិកឡាទីនមួយនេះ គ្រោងនឹងចេញរបាយការណ៍ពេលលេញ ក្នុងរយៈពេល ២ខែខាងមុខ។ ប៉ុន្តែ នៅក្នុងរបាយការណ៍បឋមរបស់ខ្លួន ក្រុមមន្ត្រីអង្កេតការណ៍ទាំងនេះបានបង្ហាញការព្រួយបារម្ភជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោត ក្នុងនោះរួមមានទាំងការ ពន្យារពេលបើកការិយាល័យបោះឆ្នោតជាដើម។
ក្នុងការបោះឆ្នោតលើកនេះ គណបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ ទទួលបានជ័យជម្នះនៅតំបន់ភាគច្រើនមែន ប៉ុន្តែសំឡេងឆ្នោតបានថយចុះមកនៅត្រឹមជាង ៤លាននាក់ ធៀបនឹងសំឡេង ៥.៩លាននាក់ ដែលខ្លួនទទួលបាន កំលុងការបោះឆ្នោតថ្នាក់តំបន់ កាលពីឆ្នាំ២០១៧៕
ប្រភព៖ AFP
មតិយោបល់