(ញូដេលី)៖ ឥណ្ឌានឹងធ្វើតេស្ដរក COVID-19 ជាកាតព្វកិច្ចលើអ្នកដំណើរតាមជើងហោះហើរមកជាង១០ប្រទេស ក្នុងនោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាបន្តបន្ទាប់។
បើតាមក្រសួងសុខាភិបាលឥណ្ឌា ការសម្រេចចិត្តដាក់កាតព្វកិច្ខខាងលើនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះតទៅ ហើយវាកើតឡើងបន្ទាប់ពី បុរសម្នាក់ដែលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង មកដល់ឥណ្ឌាវិញកាលពីពេលថ្មីៗនេះត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើបុរសរូបនេះបានឆ្លងវីរុសបំប្លែងថ្មី Omicron ឬវីរុសបំប្លែងថ្មីណាមួយឱ្យប្រាកដនោះទេ។
អ្នកដំណើរទាំងអស់មកពីតំបន់អឺរ៉ុប, អាហ្វ្រិកខាងត្បូង, ប្រេស៊ីល, បង់ក្លាដែស, បុតស្វាណា, ចិន, ម៉ូរីត្យូស (Mauritius), នូវែលសេឡង់, ហ្ស៊ីមបាបវេ, សិង្ហបុរី, ហុងកុង រួមទាំងអ៉ីស្រាអែល នឹងត្រូវឆ្លងកាត់ការធ្វើតេស្ដស្ដង់ដារ RT-PCR នៅឯអាកាសយានដ្ឋាន៕
ប្រភព៖ AFP



មតិយោបល់