ព័ត៌មានជាតិ

រុស្ស៊ី អះអាងថាបេសកជនរបស់ខ្លួន ត្រៀមជាស្រេចដើម្បីចរចាជាមួយអាមេរិក ជុំវិញវិបត្តិអ៊ុយក្រែន

(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនអ្នកតំណាងឱ្យទៅចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពី ការធានាសន្តិសុខដែលទីក្រុងម៉ូស្គូ កំពុងស្វែងរកក្នុងចេតនាបន្ធូរបន្ថយវិបត្តិពាក់ព័ន្ធនឹងអ៊ុយក្រែន។ នេះបើតាមអ្នកនាំាពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov

លោក Dmitry Peskov បានឱ្យដឹងទៀតថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែលបានជួបគ្នាតាមប្រព័ន្ធ វីដេអូកាលពីថ្ងៃទី០៧ ខែធ្នូកន្លងទៅនេះ ក៏អាចនឹងជួបពិភាក្សាគ្នាម្ដងទៀតផងដែរ នៅមុនឆ្នាំថ្មីចូលមកដល់ ហើយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ក៏នឹងត្រៀមខ្លួនគ្រប់ពេលវេលាដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅឯប្រទេសអព្យាក្រឹតណាមួយ។

សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីបានដាក់ពង្រាយកងទ័ពច្រើនជាង ៩០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែល នេះទំនងជាការត្រៀមលក្ខណៈបើកការវាយប្រហារ។ ប៉ុន្តែ រុស្ស៊ី បានទាត់ចោលការចោទប្រកាន់នេះ ហើយអះអាងថាខ្លួនទៅវិញទេដែលកំពុងរង ការគំរាមកំហែងពីអង្គការ NATO និងអ៊ុយក្រែនដែលជាអ្នកបង្កភាពតានតឹង៕

ប្រភព៖ Reuters

មតិយោបល់