(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានពីការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron នៅរដូវរងា ជាពិសេសចំពោះអ្នកដែលមិនទាន់់ទទួលបានការចាក់វ៉ាក់សាំងបង្ការ ដែលពួកគេអាចនឹងត្រូវឈឺធ្ងន់ និងស្លាប់ ប្រសិនបើឆ្លងជំងឺនេះ។
បន្ទាប់ពីបានជួបពិភាក្សាជាមួយទីប្រឹក្សាផ្នែកសុខាភិបាលអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានលើកឡើងថាការចាក់វ៉ាក់សាំងដូសជំរុញ មិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវឲ្យប្រជាជនទាំងឡាយ ប្រញាប់ទៅទទួលការចាក់ឲ្យបានលឿនបំផុត។
រដ្ឋយ៉ាងហោចណាស់ចំនួន ៣៦ ហើយ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក បានប្រកាសពីការរកឃើញវត្តមានវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងពីមនុស្សទៅមនុស្ស លឿនរហ័សជាងវីរុសបំប្លែងខ្លួន Delta ឆ្ងាយ៕
ប្រភព៖ Reuters
មតិយោបល់