ព័ត៌មានជាតិ

តើបុរសខ្លាំងពូទីន ចង់បានអ្វី ពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន?

ស្ថានការណ៍តានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បាន និងកំពុងបង្កឲ្យមានការព្រួយបារម្ភថាសង្រ្គាមនឹងផ្ទុះឡើង? សហរដ្ឋអាមេរិក ជឿថា លោក ពូទីនមានផែនការវាយអ៊ុយក្រែនចាប់ពេលនេះតទៅ ឬនៅ ពាក់កណ្ដាលខែកុម្ភៈ ជាខែដែលទីក្រុងប៉េកាំងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ កាលពីឆ្នាំ២០០៨ រុស្ស៊ីក៏បានលើកទ័ពវាយចូលហ្ស៊កហ្ស៊ី នៅចំពេលដែលចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា អូឡាំពិកនេះដែរ។

សំណួរដែលគេកំពុងចោទសួរថាតើសង្រ្គាមនឹងផ្ទុះឡើងដែរឬទេ? តើ Nato នឹងចាត់វិធានការបែបណា? យើងអាចសាកល្បងយល់ជាមុនថាតើហេតុអ្វីបានជាភាពតានតឹងផ្ទុះឡើង ហើយហេតុអ្វីលោក ពូទីន ធ្វើសកម្មភាពនៅពេលនេះ?

មែនទែនទៅ ភាពតានតឹងសព្វថ្ងៃមានពាក់ព័ន្ធនឹងអនាគតនៃភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី ដ្បិតអ៊ុយក្រែនកាន់ខិតជិតលោកខាងលិច ហើយមានសមត្ថភាពយោធាកាន់ជឿនលឿនទៅមុខ ក្រោមការផ្ដល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ពីអាមេរិក ចាប់តាំងពីឆ្នាំ២០១៤ មក ជាឆ្នាំដែលរុស្ស៊ីក្រសោបយកតំបន់គ្រីមៀ
ពីអ៊ុយក្រែន។

សម្រាប់រុស្ស៊ី អ៊ុយក្រែនដែលជាអតីតដែនដីសហភាពសូវៀត នៅតែ ជាផ្នែកមួយរបស់រុស្ស៊ី រីឯលោក ពូទីនផ្ទាល់ថែមទាំងបានចាត់ទុកថា ប្រជាជនរុស្ស៊ី និងអ៊ុយក្រែនជាប្រជាជនតែមួយទៀតផង។ អ៊ុយក្រែន ប្រៀបដូចជាតំបន់ទ្រនាប់ការពារមួយដ៏សំខាន់ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ Nato នៅក្នុងតំបន់អឺរ៉ុប ខាងកើតជាទីដែលរុស្ស៊ីនៅតែចាត់ទុកថាជាដែនឥទ្ធិពលរបស់ខ្លួន។

រុស្ស៊ីមើលឃើញថាអាមេរិក និងលោកខាងលិច កំពុងគ្រប់គ្រងតំបន់ អឺរ៉ុបខាងលិចទៅហើយ ដូច្នេះបើឲ្យអ៊ុយក្រែនរបូតពីដៃ នោះចង់ ឬមិនចង់ តំបន់អឺរ៉ុបខាងកើត មុខជាធ្លាក់ចូលដៃលោកខាងលិចទាំងស្រុង ហើយទៅថ្ងៃក្រោយរុស្ស៊ីគឺជាអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ ដោយអាចនឹងត្រូវស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងដូចគ្នាដែរ។

ម្លោះហើយ ទើបនៅក្នុងសំណើរបស់ខ្លួនទៅកាន់ Nato រុស្ស៊ីបានស្នើឲ្យ Nato បញ្ឈប់ការបញ្ជូនសព្វាវុធ ឬកងទ័ពមកកាន់បណ្ដាប្រទេស នៅក្នុងតំបន់អឺរ៉ុបខាងកើត, កុំទទួលយកអ៊ុយក្រែនជាសមាជិក Nato ឲ្យសោះជាដើម។ អ៊ុយក្រែនគឺជាប្រទេសមានផ្ទៃដីធំជាងគេលំដាប់ទី2 នៅអឺរ៉ុប និងមានរបងផ្ទះជាប់រុស្ស៊ី។ ដូច្នេះរុស្ស៊ី មេចនឹងអាចឈរនៅស្ងៀមឲ្យអ៊ុយក្រែនកាន់តែខ្លាំង និងងាកទៅរកលោកខាងលិច?

ម្យ៉ាងវិញទៀត ទៅថ្ងៃមុខ បើរុស្ស៊ីចង់ពង្រីកឥទ្ធិពលនៅអឺរ៉ុបច្បាស់ណាស់ ត្រូវយកអ៊ុយក្រែនធ្វើជាមូលដ្ឋាន។ លោក ពូទីន សម្រេចចិត្ត ធ្វើសកម្មភាពនៅពេលនេះ ប្រហែលជាឱកាសល្អមកដល់ នោះគឺ អាល្លឺម៉ង់ទើបមានមេដឹកនាំថ្មី, បារាំងកំពុងជាប់ដៃរៀបចំការបោះឆ្នោត ប្រធានាធិបតី, អឺរ៉ុបកំពុងជាប់ដៃជាមួយកូវីដ រីឯអាមេរិកកំពុងជាប់ ស្នេហ៍ជាមួយចិន ដកចិត្តមិនរួច ហើយអឺរ៉ុប និងអាមេរិកកំពុងសង្ស័យដាក់គ្នាទៅវិញទៅមកក្រោយអាមេរិកបង្កើត AUKUS និងបរាជ័យ នៅអាហ្វហ្កានីស្ថាន។

ចុះសង្រ្គាមនឹងផ្ទុះឡើងដែរទេ? លោក ចូ បៃដិន ធ្លាប់បាននិយាយថា លោក ពូទីន នឹងបញ្ជាឲ្យកងទ័ពរុស្ស៊ីវាយប្រហារជាលក្ខណៈទ្រង់ទ្រាយតូចលើអ៊ុយក្រែន។ មកទល់នឹងពេលនេះ ជំហររបស់អាមេរិក និង Nato ជាពិសេសអាល្លឺម៉ង់ និងបារាំងដែលជាបងធំ សហភាពអឺរ៉ប គឺពួកគេនឹងមិនបញ្ជូនកងទ័ពដោយផ្ទាល់ឱ្យទៅជួយ អ៊ុយក្រែនទេ ដោយមានតែការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយជំនួសមកវិញនូវការបង្កើនចំនួនកងទ័ព និងសព្វាវុធនៅក្នុងតំបន់អឺរ៉ុបខាងកើត តួយ៉ាងនៅតាមប្រទេសជាសមាជិក Nato។ អ៊ុយក្រែន មិនមែនជាសមាជិក Nato ហើយក៏មិនស្ថិតនៅក្នុងសន្ធិសញាណាមួយឲ្យអាមេរិក និង Nato មានកាតព្វកិច្ចត្រូវតែការពារ ឬត្រូវប្រឈមមុខនឹងយក្សនុយក្លេអ៊ែរដូចជារុស្ស៊ីនោះដែរ។

សង្រ្គាមផ្ទុះឡើង ឬអត់ ប្រហែលជាមិនមែនអាស្រ័យលើលោក ពូទីន នោះទេ តែអាមេរិក និង Nato ទៅវិញទេដែលជាអ្នកផ្ដល់ហេតុផលឲ្យរុស្ស៊ីវាយអ៊ុយក្រែន។ ពោលគឺបើលោក ពូទីន មើលឃើញថា អាមេរិក និង Nato ទន់ខ្សោយមែន នោះលោកនឹងចាប់យកឱកាស បំពេញមហិច្ឆតារបស់លោកបង្កើតចក្រភពរុស្ស៊ីឡើងវិញ។

ហ៊ីត្លែរ មុននឹងបង្កសង្រ្គាមលោកលើកទី២ ក៏ធ្លាប់បានធ្វើតេស្ដលើលោកខាងលិចដែរ។ ហ៊ីត្លែរឈ្លានពានអូទ្រីស មិនមានអ្នកចេញមុខ រារាំង ក៏ឈានម្ដងមួយជំហានៗ៕

មតិយោបល់