ភ្នំពេញ៖ នៅឆ្នាំ២០២១គ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម បានកើតឡើងគ្រប់រាជធានីខេត្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២៣០នាក់ ដែលក្នុងនោះអ្នក ស្លាប់ដោយសាររន្ទះច្រើនជាងគេ ។
នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម បានឱ្យដឹងថា ឆ្នាំ២០២១ គ្រោះទឹកជំនន់ បានប៉ះពាល់ចំនួន ១៨រាជធានីខេត្ត លើពលរដ្ឋជិត ៥ម៉ឺនគ្រួសារ និងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣នាក់។
ឯកឧត្តម បានបន្តថា នៅឆ្នាំដដែលនេះ បញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ ក៏បានបណ្ដាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរបួស ចំនួន ៧៦នាក់ ខណៈបាតុភូតរន្ទះបាញ់ បានធ្វើឲ្យមនុស្សចំនួន ៨៣នាក់ស្លាប់ និងរបួស ៥០នាក់ និងមានងាប់គោក្របី ចំនួន ៥៧ក្បាល។
ឯកឧត្តម ឡាំ ហេងហួត បានបន្ថែមថា ទោះបញ្ហាគ្រោះមហន្តរាយបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែអត្រានៃអ្នកស្លាប់ និងរបួសមានការថយចុះ ដែលការថយចុះនេះ ដោយសារមានការចូលរួមពីគ្រប់ភាគីនានា ដែលមានស្ថាប័នរដ្ឋ និងអង្គការដៃគូជាដើម ដោយបានជួយសង្គ្រោះពលរដ្ឋ បានទាន់ពេលវេលាច្រើននោះ ។
លោកស្រី អេលីហ្សាប៊ែត ភៀស៍ (Elizabeth Pearce) នាយកអង្គការ Save the Children ប្រចាំនៅកម្ពុជា និងជាសហប្រធាន JAG បានលើកឡើងថា នារយៈពេល២ឆ្នាំនេះ ការត្រៀមបម្រុងលើបញ្ហា គ្រោះមហន្តរាយ មានភាពស្មុគស្មាញ ដោយសារបញ្ហាកើតឡើងស្របគ្នា ក្នុងនោះមានបញ្ហាគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងដៃគូផ្សេងៗ បានសហការគ្នាឆ្លើយតបឲ្យបានទាន់ពេលវេលា ហើយការងារទទួលបានជោគជ័យជាច្រើន ។
ជាមួយគ្នានេះ លោកស្រី បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស លើការងារឆ្លើយតបនឹងគ្រោះមហន្តរាយ រួមទាំងការផ្ដល់ហិរញ្ញវត្ថុដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងជនងាយរងគ្រោះ មានកុមារស្ត្រី ជនមានពិការភាព និងជនជាតិដើមភាគតិចជាដើម ៕






មតិយោបល់