ព័ត៌មានជាតិ

តុលាការកំពូលអាមេរិក សម្រេចលុបចោល «សិទ្ធិរំលូតកូន»

(វ៉ាស៊ីនតោន)៖ តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ហើយការសម្រេចនេះត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាត់ទុកថាជាថ្ងៃដ៏សោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល។

នៅក្នុងសេចក្ដីសម្រេចមួយចេញផ្សាយនៅថ្ងៃសុក្រនេះ តុលាការកំពូលអាមេរិកបានសម្រេចថារដ្ឋធម្មនុញ្ញអាមេរិក មិនបានផ្ដល់សិទ្ធិក្នុងការរំលូតកូននោះទេ រីឯការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ធ្វើឡើងតាមរយ:ការបោះឆ្នោតនៅក្នុងចំណោមចៅក្រមតុលាការកំពូល ទាំង ៩រូប ក្នុងសំឡេងគាំទ្រ ៦ ទល់ ៣សំឡេងជំទាស់។ ការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រនេះទៀតសោត បានន័យថាស្ត្រីអាមេរិកនឹងត្រូវបាន ហាមឃាត់ក្នុងការរំលូតកូន ក្រោយពពោះបាន ១៥សប្ដាហ៍។

ដោយឡែក ជុំវិញបញ្ហានេះដែរ លោក ចូ បៃដិន បានចាត់ទុកថាការសម្រេចរបស់តុលាការកំពូលអាមេរិក គឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់ ប្រទេសជាតិទាំងមូល។ លោក បៃដិន បានបន្ថែមដូច្នេះថា «ច្បាប់រដ្ឋដែលហាមឃាត់ការរំលូតកូនបានចូលជាធរមានដោយស្វ័យប្រវត្តិនៅថ្ងៃនេះ តែវា នឹងបង្កផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីអាមេរិករាប់លាននាក់»៕

ប្រភព៖ Reuters

មតិយោបល់