ភ្នំពេញៈ ក្នុងចំណោមអ្នកទើបប្រលងជាប់បាក់ឌុបកាលពីពេលថ្មីៗ គេកត់សម្គាល់មានឈ្មោះសាមណេរពីរអង្គក៏ទើបនឹងត្រូវបានក្រសួងប្រកាសថា បានជាប់បាក់ឌុបផងដែរ។ អ្វីដែលគេកត់សម្គាល់ថានោះ គឺសាមណេរទាំង២បានទទួលអាហារូបករណ៍ពេញរយៈពេល៤ឆ្នាំក្នុងការសិក្សានៅកម្រិតមហាវិទ្យាល័យផងដែរ ដែលការផ្ដល់អាហារូបករណ៍នេះគឺត្រូវបានប្រគល់ឲ្យព្រះគ្រូនី សុវណ្ណមុនីរ៉េត ដែលគង់នៅវត្តនាគវ័ន្តក្នុងកុដិលេខ២៤។
យោងតាមការបង្ហោះនៅលើគណនេយ្យរបស់ព្រះតេជគុណនី សុវណ្ណមុនីរ៉េត ព្រះអង្គបានសរសេរថាដោយសារតែមើលឃើញថាសាមណេរ២អង្គទើបនឹងបានប្រលងជួបបាក់ឌុប និងមានបំណងចង់បន្តការសិក្សាឲ្យបានចប់ចុងចប់ដើមនៅមហាវិទ្យាល័យ ទើបព្រះអង្គសម្រេចជួយជ្រោមជ្រែងសាមណេរទាំង២អង្គឲ្យទទួលបានឱកាសនោះ។ ព្រះតេជគុណមានសង្ឃដីកាមួយយ៉ាងខ្លីថា ក្នុងពេលព្រះអង្គមិនទាន់បួសរៀន ព្រះអង្គមិនមានលទ្ធភាពបានសិក្សាឲ្យបានសមរម្យនោះទេ ទើបព្រះអង្គយល់ថាត្រូវតែយកឱកាសដែលព្រះអង្គមានជួយដល់សិស្សនិស្សិត និងសាមណេរជាដើម ដែលត្រូវការជំនួយ។ ព្រះអង្គសម្រេចផ្គត់ផ្គង់ការសិក្សាដល់សាមណេរទាំង២អង្គពេញរយៈពេល៤ឆ្នាំបន្ថែមពីលើLaptop ចំនួន២គ្រឿងដែលព្រះអង្គសម្រេចប្រគល់ឲ្យដល់សាមណេរទាំង២អង្គ។
ព្រះគ្រូ នី សុវណ្ណមុនីរ៉េត បានអះអាងថាសាមណេរទាំង២អង្គដែលព្រះអង្គប្រគល់អាហារូបករណ៍ឲ្យនោះរួមមាន សាមណេរ ស្រ៊ន់ ចន្ថា ឲ្យបានទៅសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (IFL) ផ្នែកភាសា ជប៉ុន និង សាមណេរ តុល សុខមាន(សង្ឃកំព្រា)ឲ្យទៅសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ ផ្នែក Design បន្ទាប់ពីសាមណេរទាំង២ទើបប្រលងជាប់បាក់ឌុប ដោយមុខវិជ្ជាទាំងពីរគឺជាការពេញព្រះទ័យរបស់សាមណេរទាំងពីរអង្គ។ ព្រះគ្រូបន្តក្រៅពីផ្ដល់ថវិកាសម្រាប់បង់ថ្លៃសាលាពេញ៤ឆ្នាំ ថវិកាសម្រាប់ផ្គត់ផ្គង់ក្នុងការរៀនសូត្រឲ្យត្រូវផ្ដល់ឲ្យផងដែរ ក្នុងរយៈពេលសិក្សា។
គួរបញ្ជាក់ថា មុននេះបន្តព្រះគ្រូ នី សុវណ្ណមុនីរ៉េត ក៏ទើបប្រគល់ឲ្យសិស្សជាប់បាក់ឌុបដែលមានពិន្ទុខ្ពស់ចំនួន១៥នាក់ មកពីខេត្តស្វាយរៀងផងដែរ បើទោះជាព្រះអង្គហាក់ខកព្រះទ័យបន្ដិចបន្ទាប់ពីសិស្សជាប់បាក់ឌុបនៅស្វាយរៀងមិនមាននិទ្ទេសA សូម្បីតែម្នាក់ក្នុងចំណោមសិស្សទូទាំងប្រទេសដល់ទៅជាង៤០០នាក់ជាប់និទ្ទេស A ៕







មតិយោបល់