ព័ត៌មានជាតិ

បេក្ខជនឈរឈ្មោះជាប្រធានគណៈមេធាវី អាណត្តិទី១១មិនបានចូលខ្លួនបំភ្លឺតាមការអញ្ជើញរបស់ACU

ភ្នំពេញៈ លោក ឈី សម្បត្តិ បេក្ខជនឈរឈ្មោះជាប្រធានគណៈមេធាវី អាណត្តិទី១១ ម្នាក់ដែលត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ACU កោះអញ្ជើញឲ្យចូលបំភ្លឺរឿងរត់ការនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនោះ គឺមិនបានចូលខ្លួននោះឡើយ។

យោងតាមការបញ្ជាក់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង បានឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «គាត់ (ឈី សម្បត្តិ) បានធ្វើលិខិតសុំលើកពេលព្រោះមានជំងឺ»។ ទោះយ៉ាងណា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ជាក់ពីនីតិវិធីបន្ត ថាតើនឹងកោះហៅមេធាវី ឈី សម្បត្តិ ជាលើកទី២ ឬក៏អត់នោះទេ។

យើងមិនអាចសុំការបំភ្លឺពីលោក ឈី សម្បត្តិ បន្ថែមទៀតបានទេ ដោយទូរស័ព្ទដៃលោក ហៅចូលប៉ុន្តែគ្មានអ្នកទទួល។

ទាក់ទងនឹងលិខិតអញ្ជើញឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធ រឿង រត់ការ នេះលោកមេធាវី ឈី សម្បត្តិ ធ្លាប់បានថ្លែងបញ្ជាក់តាមទូរសព្ទកាលពីពេលមុនថា លោកពិតជាបានទទួលលិខិតអញ្ជើញរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលកោះហៅលោកឲ្យទៅបំភ្លឺរត់ការពិតប្រាកដមែន ដោយតម្រូវឲ្យលោកចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

លោកមេធាវី ឈី សម្បត្តិ បានបន្តដោយលាយឡំនឹងសំណើចផងថា លោកមិនបានដឹងរឿងអ្វីផង។ ទោះជាយ៉ាងណាមេធាវីរូបនេះមិនទាន់បញ្ជាក់ពីគោលជំហរ ថាលោកនឹងទៅផ្តល់ចម្លើយតាមការកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយឬក៏មិនទៅនោះទេ ព្រោះតែលោកជាប់រវល់នឹងរឿងបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីថ្មីអាណត្តិទី១១ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០៦។

ទាក់ទងនឹងការកោះហៅមេធាវី ឈី សម្បត្តិ ឲ្យចូលខ្លួនបំភ្លឺរឿងរត់ការ នេះដែរ លោកមេធាវី ប៊ុន ហុន អតីតប្រធានគណៈមេធាវីកម្ពុជាបានថ្លែងប្រាប់តាមទូរសព្ទថា លោកបានដឹងដែល ACU រឿងកោះហៅលោកមេធាវី ឈី សម្បត្តិ ដែរប៉ុន្តែពេលលោកសាមីខ្លួន គាត់ថា មិនបានដឹងថា រត់ការរឿងអ្វី? លោក ប៊ុន ហុន បានបន្តថា តួនាទីរបស់មេធាវី គឺការពារក្តី ផ្តល់សេវកម្មច្បាប់ ផ្តល់ប្រឹក្សាច្បាប់ តាក់តែងលិខិតគតិយុត្តនានា និងតំណាងកូនក្តី ជាដើម ចំពោះការធ្វើការរត់ការសុំអាជ្ញាប័ណ្ណ រត់ការរឿងក្តី នោះវាមិនមែនជាការងាររបស់មេធាវីនោះទេ។ ដូច្នេះក្នុងនាមគណៈមេធាវីកម្ពុជា លោកបានបញ្ជាក់ថា មេធាវីគ្រប់រូបត្រូវតែគោរពវិធានវិជ្ជាជីវៈ គោរពតាមច្បាប់រដ្ឋធម្មនុញ្ញ គោរពពាក្យសម្បថ គោរពគោលការណ៍សម្បជញៈ សេចក្តីថ្លៃថ្នូរ មនុស្សធម៌ និងសេចក្តីថ្លៃថ្នូរ និងបទប្បញ្ញត្តិនានាជាធរមាន ក្នុងករណីមេធាវីរូបណាមិនបានគោរពតាមគោលការណ៍ទាំងអស់នោះទេ គណៈមេធាវីកម្ពុជា នឹងចាត់វិធានការ ហើយក៏មានការពារនោះទេ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ លោក លី លឹបម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានសម្រេចចេញដីកាឃុំខ្លួនមេធវី ពេជ រតនា ជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) រង់ចាំថ្ងៃបើកសវនាការជម្រះទោស ក្រោមបទចោទប្រកាន់មួយចំនួនរួមមាន ទី១ បទប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ តាមមាត្រា៤ ចំណុច១៧នៃច្បាប់ស្តីពី ការប្រឆាំងអពើពុករលួយ។ ទី២ បទពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ តាមមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។ ទី៣បទ សមគំនិត តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងទី៤ បទសូកប៉ាន់ចំពោះចៅក្រម តាមមាត្រា ៥១៨ នៃក្រមព្រហ្មទណ្ឌ។

លោកមេធាវី ពេជ រតនា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងបរិវេណពហុ កីឡដ្ឋានជាតិអូឡាំពិក ពាក់ព័ន្ធនឹងអំពើពុករលួយ ករណីរត់ការផងដែរ៕

មេធាវី ឈី សម្បត្តិ

មតិយោបល់