កំពង់ធំៈ សម័យអង្គរនាគ្រឹស្តសករាជសតវត្សទី ១២ ក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជយវរ្ម័នទី ៧ ស្តេចចេញធ្វើសង្រ្គាមជើងទឹកបង្រ្កាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងបន្ទាយឆ្មារ ព្រះបាទជយវរ្ម័នទី៧ ប្រថាប់ឈរ លើទីតាំង នាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។
នៅពេលដែលទឹកទន្លេមេគង្គលិចជន់ ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រប់បឹងបួរតាមរយៈបឹងទន្លេសាប ដែលហូរពីត្បួងទៅជើង ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរយើងក៏កំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បំរើវិស័យកសិកម្ម ។
អាជ្ញាធរខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការ បានប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដោយមានប្រជាពលរដ្ឋ ជាច្រើនកុះករ បានចូលរួមសប្បាយរីករាយ ធ្វើឲ្យប្រជាពលរដ្ឋពេញនិង បានត្រេតអរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់រៀបចំប្រារព្វពីធីបុណ្យអុំទូក និងការធ្វើឲ្យមានបរិយាកាសល្អ ក្នុងការតុបតែងភ្លើងពណ៌ និងឲ្យមានមន្រ្តី មានការតាំងពិព័រណ៌ រួមទាំងមានសុវត្ថិភាពល្អទទួលបានជោគជ័យ ក្នុងពិធីបុណ្យអុំទូកដែលបានចប់សព្វគ្រប់ដោយរលូន។
ពិធីបុណ្យអុំទូកនេះដែរ ត្រូវបានធ្វើឡើងចំនួន៣៨ទូក បានធ្វើការប្រកួតយកឈ្នះចាញ់ក្នុងរយៈពេលមួយ ថ្ងៃ ដែលត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦ នៅតាមបណ្តោយដងស្ទឹងសែន ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួម ជាអធិបតីភាព លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភាអមដំណើរប្រតិភូដោយ លោក ហ៊ុយ ពិសិដ្ឋ លោក ហ៊ុយ ថេរ៉ា លោក ឈាង វុន និងលោក អ៊ិត សំហេង ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ស្របពេលដែលពិធីបុណ្យអុំទូកត្រូវបានអាក់ខានជាច្រើនឆ្នាំ អាជ្ញាធរខេត្តកំពង់ធំ បានរៀបចំស្តារឡើងវិញ ដោយសារបង្កើនបរិយាកាស កន្លែងសប្បាយ កន្លែងអង្គុយសម្រាក់យកខ្យល់អាកាស បានតុបតែងសួនច្បារ និងបង្កើតឲ្យមានការប្រណាំងទូក ដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានចូលរួមកំសាន្ត ក៏ដូចជាការថែរក្សានូវទំនាមទំលាប់ ប្រពៃណីជាតខ្មែរ និងជាការចាបាច់របស់អាជ្ញាធរខេត្តក្នុងភាពជាអ្នកដឹកនាំ សម្រាប់ការផ្ញើរវាសនារបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ចំណែកទូកដែលបានឈ្នះ និងត្រូវបានជ្រើសរើសទូកដែលមានល្បឿនល្អ បញ្ជូនទៅកាន់ចូលរួមប្រគួតនៅពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុកសំពះព្រះខែនៅទៅក្រុងភ្នំពេញ។
ពិធីប្រណាំងទូកនេះដែរ ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ មាន៩ទូក មានទូកវណ្ណៈសែនជ័យ ,ពែនជុំមានជ័យបារមីត្រពាំងសិលា ,ទូកផ្គរលាន់សែនជ័យបារមីស្រីស្អាត ,ទូកស្រះជ័យបារមីស្រីខ្មៅ ,ទូកថ្នោលទឹកមានជ័៧បារមីបឹងប្រម៉ា , ទូកព្រះច័ន្ទកុមារថេរ៉ាសែនជ័យ , ទូកប្រាសាទសំបូរមានជ័យ,ទូកយ៉ាណាដេរ៉ាសែនជ័យ , ទូកពិសិដ្ឋមរកតលង្ការតេជោ សែនជ័យ ។ចំណែកចំណាត់ថ្នាក់លេខ២មានចំនួន ៩ ចំណាត់ថ្នាក់លេខ៣ មាន ១១ទូក ។
លោក ងួន ញ៉ិល អនុប្រធានទី២ បានផ្តាំផ្ញើរ និងកោតសរសើរអាជ្ញាធរខេត្តកំពង់ធំ ថ្ងៃនេះពិតជា មានសេចក្តីរីករាយ ដែលបានប្រារព្វធ្វើឡើងតាមដងស្តឹងសែនក្នុងថ្ងៃនេះ រួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ មរតកប្រពៃណីដែលមានតាំងពីយូរលង់ណាស់មកហើយនោះ ដើម្បីបង្ករបរិយាកាសដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ធំ និងដើម្បីត្រៀមខ្លួនអមអរសាទរ ព្រះរាជពិធីអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកនៅតាមដងទន្លេសាបនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ កន្លងមកដែលពិធីនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីបានផ្អាក ដោយសារគ្រោះទឹកជំនន់ និងការសោយទីវង្គត់របស់ព្រះមហាក្សត្រ និងទឹកតាមដងទន្លេសាប យើងបានកម្ពស់ទឹកទាបពេកទើបពុំអាចប្រារព្វពិធីបាន៕
មតិយោបល់