ភ្នំពេញៈ សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសិស្សជាប់និទ្ទេសA ឆ្នាំ២០១៦នេះ មានឱកាសកាន់តែច្រើន ក្នុងការស្វែងរកអាហារូបករណ៍ បន្តការសិក្សានៅសហរដ្ឋអាមេរិក តាមរយៈពិព័រណ៍អប់រំ ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡាដែលសហការរៀបចំដោយអង្គការស្តេមខេមបូឌា (stem cambodia)ហើយមានសិស្សជាប់និទ្ទេសA ប្រមាណជាង២៥០នាក់ចូលរួម។
ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ជាចលករមួយដែលនឹងជួយជម្រុញ ឲ្យសិស្សដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិជាពិសេសសិស្សនិទ្ទេសA កាន់តែមានឱកាសច្រើន ក្នុងការស្វែងរកអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា ហៅកាត់ថា STAM។
អ្នកនាំពាក្យស្ថានទូតអាមរិ លោក ជេ រ៉ាម៉ន( Jay Raman) លើកឡើងថា”ពិព័រណ៍អប់រំធ្វើនៅថ្ងៃទី៣០តុលានេះ ជាឱកាសបើកឲ្យសិស្សជាប់និទ្ទេសA ទាំងអស់បានដឹងពីពត៌មានទាក់ទងនឹងអាហារូបករណ៍ ថាតើធ្វើយ៉ាងបានអាហារូបករណ៍ និងការបំពេញបែបបទស្វែងរកការបន្តការសិក្សានៅអាមេរិក”។
លោកឡៅ ឈីវអ៊ីវ អនុរដ្ឋលេខាធិការក្រសួងអប់រំថ្លែងថា «ថ្វីត្បិតតែកម្រិតគុណភាពផ្នែកអប់រំនៅកម្ពុជា នៅមានកម្រិត បើប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ តែការបង្កឲ្យមានបរិយាកាសល្អ ក្នុងការស្វែងរកការសិក្សានៅតាមបណ្ដាប្រទេសជឿនលឿន គឺជាឱកាសមួយដែលអាចឲ្យយុវជនកម្ពុជា ធ្វើការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងទូលំទូលាយជាមួយយុវជននៅទូទាំងសាកលលោក”។
លោកបន្ថែមថា ក្រសួងអប់រំកំពុងស្នើសុំថវិកាពីរាជរដ្ឋាភិបាល ដើម្បីបង្កើតជាអាហារូបករណ៍ សម្រាប់សិស្សពូកែ ដែលខ្វះលទ្ធភាព និងសិស្សដែលចង់ចាប់យកមុខវិទ្យាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា
។
លោក វីល្លាម ហៃដ៏ William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា ការស្វែងរកការសិក្សាមិនមែនជាការងាយស្រួលទេ ដែលទាមទារឲ្យអ្នកទាំងអស់គ្នាខិតខំរៀនសូត្រ និងការលះបង់ច្រើន ដើម្បីទទួលបានលទ្ធផលល្អដូចថ្ងៃនេះ ហើយនៅមិនទាន់ចប់នៅឡើយទេ គឺត្រូវបន្តជាច្រើនឆ្នាំទៀត។ លោកឯកអគ្គរដ្ឋទូតបន្តថា អ្នកទាំងអស់គ្នា នៅមានឱកាសច្រើនណាស់ សម្រាប់បន្តការសិក្សានៅបរទេស ហើយអាមេរិកកំពុងសម្លឹងមើលអ្នកមានសមត្ថភាព ដើម្បីផ្តល់អាហារូបករណ៍ឲ្យទៅរៀនបន្តនៅសកលវិទ្យាល័យនៅអាមេរិក ដែលជាកន្លែងសិក្សាល្អជាងគេនៅលើពិភពលោក ដោយមានសាលាជាង៥ពាន់មានកម្មវិធីសិក្សាគ្រប់មុខវិជ្ជា។
បើទោះជាអាមេរិកនៅឆ្ងាយហើយការជ្រើសរើស
សាលាដែលស្គាល់គឺជារឿងពិបាក ហើយមានអ្នកខ្លះបារម្ភពីការបង់ថ្លៃការសិក្សានិងការសុំវីសារ ប៉ុន្តែយើងមានមជ្ឈមណ្ឌលជួយផ្តល់ព៌ត៌មានគ្រប់យ៉ាង ទាក់ទងនិងការសិក្សានេះ ។
លោកបន្តថា មានសិស្សជាច្រើនរយនាក់បានទៅសិក្សានៅអាមេរិក ហើយពួកគេបានរៀនរហូតដល់ថ្ងៃនេះ កត្តាដែលល្អបំផុតគឹការសួរនៅអ្វីដែលមិនដឹងដោយភាពក្លាហាននិងចុះឈ្មោះនៅក្នុងពិពរណ៍នេះ ដើម្បីទទួលពត៍មាន ជុំវិញការសិក្សាហើយសំខាន់ជាងនេះត្រូវមានជំនឿល់ខ្លួនឯងពោលគឺមានការទទួលខុសត្រូវលើការអភិវឌ្ឍន៍ និងមានភាពសម្បូរសប្បាយ ស្ថានទូតអាមេរិកមានមោទនភាពចំពោះយុវជនកម្ពុជា ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងសកលលោកដូចពេលនេះ។
យុវជន ខាន់ លីហួរ ជាសិស្សនិទ្ទេសA ទើបតែបញ្ចប់បាក់ឌុបឆ្នាំ២០១៦នេះបានសម្ដែងការស្វាគមន៍ ចំពោះការបង្កើតឲ្យមានបរិយាកាសបែបនេះដល់យុវជនខ្មែរ ព្រោះវាបានធ្វើឲ្យពួកគេមើលឃើញកាន់តែទូលាយនូវឱកាសទៅសិក្សានៅក្រៅប្រទេស ដែលជាផ្នែកមួយជួយជម្រុញ គុណភាពធនធានមនុស្សនៅកម្ពុជាបានកាន់តែប្រសើរ៕
មតិយោបល់