ព័ត៌មានអន្តរជាតិ

ពុលស្រានៅប៉ាគីស្ថាន ស្លាប់មនុស្ស ២៦ នាក់

ប៉ាគីស្ថាន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់ស្លាប់ និងអ្នកផ្សេងជាច្រើននាក់ទៀត សន្លប់អត់ខ្លួន បន្ទាប់ពួកគេបានផឹកស្រា អំឡុងពេលថ្ងៃបុណ្យណូអែល នៅស្រុក Toba Tek Singh ភាគខាងកើតប្រទេសប៉ាគីស្ថាន ក្នុងរយ:ពេលពីរថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

អ្នកស្រុកប្រមាណជាង ៥០ នាក់ ស្ថិតនៅតំបន់ Mubarakbad ដែលទទួលទានស្រានៅផ្ទះ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ បន្ទាប់ពីទទួលរងបញ្ហាឈឺក្រពះ ហើយបើតាមរាយការណ៍ទូរទស្សន៍ Dunya បាននិយាយថា មនុស្សស្លាប់ ២៤ នាក់ រួមមានពួកគ្រីស្ទាន និងម៉ូស្លីមពីរនាក់ផងដែរ។

សម្រាប់ប្រជាជនរងគ្រោះ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានផ្លាស់ពីមន្ទីរពេទ្យស្រុក Toba Tek Singh ទៅកាន់មន្ទីរពេទ្យសម្ព័ន្ធមិត្តទីក្រុង Faisalabad ។

ប៉ូលិសបាននិយាយថា អ្នកលក់ស្រាពីរនាក់បានស្លាប់ ក្នុងចំណោមនោះផងដែរ ហើយមកទល់ពេលនេះ ការស៊ើបអង្កេតលើបញ្ហានេះ កំពុងត្រូវបានដំណើរការ៕

មតិយោបល់