ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងទៅកាន់សមាជិកសភាពាណិជ្ជកម្ម នៅទីក្រុង Davao កាលពីថ្ងៃសៅរ៍ថា ប្រសិនបើសង្គ្រាមថ្នាំញៀនក្លាយទៅជាសកម្មភាព ដែលកាចសាហាវខ្លាំងនោះ លោកនឹងប្រកាសប្រើច្បាប់អាជ្ញាសឹក ក្នុងប្រទេសខ្លួន ដែលច្បាប់នេះ ធ្លាប់បានប្រើក្នុងអំឡុងពេលនៃរបបផ្តាច់ការរបស់លោក Ferdinand Marcos។ នេះបើយោងតាមសារយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
លោក Duterte បានថ្លែងថា គ្មាននរណាម្នាក់ អាចបញ្ឈប់ខ្ញុំបានទេ ព្រោះគោលបំណងនៃវិធានការខ្ ញុំគឺដើម្បីការពារប្រជាពលរដ្ឋ និងយុវជនហ្វីលីពីនឲ្យចាកចេញពីថ្នាំញៀន។ លោកបាននិយាយទៀតថា លោកបានបញ្ជាឲ្យយោធារបស់ខ្លួនសម្លាប់ពួកជ្រុលនិយមណា ដែលរត់គេចខ្លួនជាមួយនឹងចំណាប់ខ្មាំង។
សូមជំរាបថា ប្រធានាធិបតីរូបនេះ បានប្តេជ្ញាថា នឹងបោសសម្អាតថ្នាំញៀនខុសច្បាប់ឲ្យអស់ពីក្នុងប្រទេស។ ក្នុងរយៈពេល៦ខែដំបូងនៃការបង្ក្រាបថ្នាំញៀនរបស់លោក មនុស្សជិត៦ពាន់នាក់ ត្រូវបានសម្លាប់ដោយប៉ូលិស និងក្រុមការពារសណ្តាប់ធ្នាប់ ដែលរងការរិះគន់ពីអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងពីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ៕

មតិយោបល់