ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សង្គ្រាមគ្រឿងញៀននៅហ្វីលីពីន មនុស្សស្លាប់កើនឡើងដល់ ១.៨០០ នាក់

ហ្វីលីពីន: បើយោងតាមតួលេខរបស់ប៉ូលិស ដែលកត់ត្រាទុកក្នុងប្រទេស បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន បានកើនទ្បើងដល់ ១.៨០០នាក់ហើយ ចាប់តាំងពីប្រធានាធិបតីថ្មី លោក Rodrigo Duterte ទ្បើងកាន់តំណែងរយ:ពេលប្រាំពីរសប្តាហ៍កន្លងទៅ បន្ទាប់ពីលោកអនុវត្តសន្យា ក្រោយជាប់ឆ្នោតនឹងបើកដំណើរការ សង្គ្រាមបង្ហូរឈាមប្រឆាំងនឹងថ្នាំញៀន។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

ប្រធានស្នងការប៉ូលិសហ្វីលីពីន លោក Ronald Dela បានប្រាប់ គណ:កម្មាធិព្រឹទ្ធសភា កាលពីថ្ងៃច័ន្ទថា ក្រុមអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ចំនួន ៧១២ នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការប្រតិបត្ដិ ការរបស់ប៉ូលិស ចាប់តាំងពីថ្ងៃទី១ ខែកក្កដា។

មកទល់ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតការស្លាប់ចំនួន ១.០៦៧ នាក់ផ្សេងទៀត ទាក់ទងនឹងករណី គ្រឿងញៀននេះផងដែរ ដោយមិនបានផ្តល់សេចក្តីលម្អិតអ្វីនោះទ្បើយ ខណ:ដែលកាលពីថ្ងៃអាទិត្យ កន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក Duterte បានផ្ទុះឡើងការប្រឆាំងនឹងអង្គការសហប្រជាជាតិ ដែលបានរិះគន់ចំពោះការស្លាប់នេះ។

គួរបញ្ជាក់ដែរថា ប្រតិបត្តិការរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចាប់ផ្ដើម រយ:ពេលប្រាំពីរសប្តាហ៍កន្លងមកហើយ បន្ទាប់ពីលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយសន្យាពេលឈ្នះឆ្នោត លោកនឹងបើកដំណើរការ «សង្គ្រាមបង្ហូរឈាម» ប្រឆាំងនឹងថ្នាំញៀន។ ចាប់តាំងពីពេលនោះមក អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាងកន្លះលាននាក់ បានចូលខ្លួនមក សារភាពដោយធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងស្បថឈប់ប្រើថ្នាំញៀនបន្តទៀត៕

Philippines drug war deaths climb to 1,800

មតិយោបល់