ព័ត៌មានកីឡា

Carlos Tevez ​ថា​មាន​តែ​ក្លឹប​មួយ​គត់​ដែល Messi ​អាច​ចាកចេញ​ពី Barca ​ទៅ​លេង​ឱ្យ

កីឡាករ Carlos Tevez ​បង្ហើប​ថា​ខ្លួន​អាច​នឹង​ដឹក​ថា​មាន​តែ​ក្លឹប​មួយ​ទេ​ដែល​កីឡាករ Lionel Messi ​អាច​ចាកចេញ​ពី FC Barcelona ​ទៅ​លេង​ឱ្យ​បាន ដោយ​ក្លឹប​មួយ​នោះ​គឺ​ស្ថិត​នៅ​ស្រុក​កំណើត​របស់​គេ។

ក្រោយ​ពី​កុងត្រា​នឹង​អស់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ក្លឹប Barcelona ​មិន​ទាន់​អាច​ចរចា​បន្ដ​កុងត្រា​បាន​នៅ​ឡើយ​ទេ ​ដោយសារ​តែ​​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ទៅ​លើ​ប្រាក់​ឈ្នួល​។ យ៉ាងណាមិញ Manchester City ​គឺ​ជា​ក្លឹប​តែ​មួយ​គត់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ដែល​ចង់​បាន​កីឡាករ​រូប​នេះ​ជាង​គេ ​ហើយ​ក៏​ហាន​ឱ្យ​តម្លៃ​ខ្ពស់​ផង​ដែរ។

ទន្ទឹម​នឹង​រឿង​នេះ​ដែរ Tevez ​ដែ​ជា​មិត្ត​រួម​សញ្ជាតិ​ជាមួយ Messi ​នោះ ​បាន​បញ្ជាក់​ថា​រូបគេ​ដឹង​ច្បាស់​ពី​កីឡាករ​រូប​នេះ ​ហើយ​រូបគេ​នឹង​មិន​ទៅ​លេង​នៅ​ក្លឹប​ណា​ដោយសារ​តែ​លុយ​ដែរ។ Messi ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះស​ហើយ​ថ្ងៃ​ណា​មួយ​រូបគេ​នឹង​ទៅ​លេង​នៅ​ក្លឹប Newell’s Old Boys ​ដែល​ស្ថិត​នៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

Messi ​មិន​ត្រឹម​តែ​មាន Man City ​មួយ​ទេ​ដែល​ព្យាយាម​ទាក់ទង​ទិញ​រូបគេ​ទៅ​លេង ​ផ្ទុយ​ទៅ​វិញ​ក្លឹប​នៅ​ចិន​ជា​ច្រើន​ដែល​ហាន​ចំណាយ​ប្រាក់​ខ្ពស់​នោះ​ក៏​ចង់​បាន​ដែរ ​ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​រូប​នេះ​បដិសេធ​យ៉ាង​ដាច់​ខាត​ទៅ​ហើយ ​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ៕

មតិយោបល់