ក្រោយពីចំណាយពេល៦ឆ្នាំក្នុងគុក ដោយសារតែសម្លាប់មិត្តស្រីខ្លួនឯងនោះ ពេលនេះ កីឡាករ Bruno បានរួចទោសហើយ ថែមទាំងទទួលបានការងារថ្មីថែមទៀតផងជាមួយក្លឹបនៅលីគលំដាប់ទី២របស់ប្រទេសប្រេស៊ីល។
រឿងរ៉ាវសម្លាប់មិត្តស្រីខ្លួនឯង ដោយសារតែការយល់ច្រឡំនេះ បានធ្វើឱ្យកក្រើកពិភពលោកម្ដងមកហើយកាលពីឆ្នាំ២០១០កន្លងទៅ។ ដោយគ្រានោះ នរណាៗក៏និយាយពីរឿងសាហាវមួយនេះដែរ ព្រោះអីជាឃាតកម្មសម្លាប់បំបាត់សាកសពតែម្ដង។ បើនិយាយសង្ខេបរឿងនេះទៅ Bruno មានមិត្តស្រីម្នាក់ស្រស់ស្អាតខ្លាំងណាស់ ហើយពួកគេមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ២០០៨មក។ រហូតមកដល់ឆ្នាំ២០១០នោះ មិត្តស្រីម្នាក់នោះក៏មានកូន ប៉ុន្តែគេមិនច្បាស់ថាកូនរបស់នរណានោះទេ ព្រោះនាងចូលចិត្តដើរលេងច្រើន។

រហូតដល់ពេលមួយនោះ មានរឿងកើតឡើងចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយខាងស្រីក៏បានបាត់ខ្លួនរហូតតែម្ដង ធ្វើឱ្យប៉ូលិសមានការសង្ស័យយ៉ាងខ្លាំង។ នៅភ្លាមៗនោះដែរ Bruno មិនបានឆ្លើយសារភាពនោះទេ ដោយរូបគេនិយាយថាមិនដឹងរឿងអ្វីឡើយ។ តែយ៉ាងណាក៏ដោយ ក្រោយពីធ្វើការសើបអង្កេតទៅ ក៏រកឃើញការពិត ហើយអ្នកចាំទីរូបនេះក៏ត្រូវជាប់គុករហូតដល់២២ឆ្នាំឯណោះនៅគ្រានោះ។
ដោយពីជាប់គុកនោះហើយ មេធាវីរបស់កីឡាករខាងលើនេះក៏បានព្យាយាមដោះស្រាយ ហើយសម្រួលទោសមកត្រឹមរយៈពេល៦ឆ្នាំនេះវិញ។ គិតចាប់ពីឆ្នាំ២០១០នោះមកដល់ពេលនេះ រូបគេអាចនឹងចេញពីគុកបានហើយ។ គ្រាន់តែដំណឹងចេញពីគុកបាននេះភ្លាម អ្នកចាំទីវ័យ៣២រូបនេះក៏ត្រូវបានក្លឹប Boa Esporte នៅលីគទី២របស់ប្រេស៊ីលទាក់ទងទៅលេងឱ្យភ្លាមតែម្ដង។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១០នោះ កីឡាករខាងលើពិតជាមានទម្រង់លេងល្អខ្លាំងមែនទែន ដោយមានក្លឹបជាច្រើនចង់បាន សូម្បីតែ FC Barcelona ក៏ទាក់ទងតាមទិញផងដែរ៕
មតិយោបល់