ការប្រកួតទេសចរណ៍ របស់ក្រុម Barcelona ក្នុងថ្ងៃទី៣១នេះ ជាមួយក្រុម Shanghai ត្រូវលុបចោលវិញ បន្ទាប់ពីក្រុមអេស្ប៉ាញមួយនេះ មមាញឹកយ៉ាងខ្លាំង ក្នុងការផ្ទេរខ្សែប្រយុទ្ធ ប្រេស៊ីល Neymar ទៅកាន់ក្រុម Paris Saint Germain ។
បើតាម Express News បានឲ្យដឹងថា Neymar នឹងចាកចេញពីក្រុម Barcelona ហើយក្នុងរដូវក្តៅនេះ ដើម្បីទៅចូលរួមជាមួយក្រុម Paris Saint Germain ក្នុងតម្លៃផ្ទេរ ១៩៦លានផោន។ តាមរយៈការមមាញឹកដោះដូរកីឡាកររបស់ Barcelona នេះ បានធ្វើឲ្យដំណើរការប្រកួតទេសចរណ៍មុនបើករដូវកាលរបស់ពួកគេ នៅប្រទេសចិន ត្រូវបានអាក់ខានវិញ ដោយហេតុផលថា ការផ្លាស់ប្តូរ Neymar គឺសំខាន់ជាង។ ជាការពិតណាស់ Neymar ត្រូវបានមិត្តរួមក្រុមជាច្រើន ព្យាយាមលួងលោម និងបញ្ចុះបញ្ចូល ខ្សែប្រយុទ្ធរូបនេះ កុំឲ្យចាកចេញពី Barcelona ។
ម្យ៉ាងវិញទៀតកាលពីប៉ុន្មានថ្ងៃមុននេះ Neymar ក៍ធ្លាប់បាននិយាយផងដែរថា រូបគេនឹងមិនទៅណាចោលក្រុម Barcelona ឡើយ។ ក៍ប៉ុន្តែ តាមរយៈ ការលុបចោលការប្រកួតរបស់ Barcelona និងតាមរយៈប្រភព Express News បានឲ្យដឹងបន្ថែមទៀតថា Neymar ប្រាកដជាចាកចេញពី Barcelona ហើយ ព្រោះថា PSG ហ៊ានចំណាយទឹកប្រាក់យ៉ាងច្រើន រហូតដល់ទៅ ១៩៦លានផោន ស្មើនឹង ២២២លានអឺរ៉ូ ។
ដូច្នេះហើយ រង់ចាំមើលថា តើការរំសាយការប្រកួត នៅប្រទេសចិន ក្នុងថ្ងៃទី៣១ នេះ ពិតជាមានការផ្ទេរកំពូលខ្សែប្រយុទ្ធ Neymar ទៅកាន់ Paris Saint Germain មែនឬយ៉ាងណា? សូមធ្វើការរង់ចាំតាមដានទាំងអស់គ្នា។
មតិយោបល់