ក្រោយពីលក់ Neymar បាន ២២២លានអឺរ៉ូ ក្រុម Barcelona បានសម្លឹងឃើញកីឡាករជាច្រើនរូប ដែលនឹងមកជំនួសតំណែងរបស់ Neymar នាពេលឆាប់ៗនេះ។
បើតាមលោក Josep Vives អ្នកនាំពាក្យក្រុម Barcelona បានឲ្យដឹងថា ក្លិបបានរកឃើញកីឡាករ ៥នាក់ដែលអាចជំនួសតំណែងរបស់ Neymar បានតែក្លិបទិញតែម្នាក់ប៉ុណ្ណោះ ដែលទំហំទឹកប្រាក់ ត្រូវចំណាយមិនលើសពី ១០០លានអឺរ៉ូឡើយ។ តាមរយៈសម្តីរបស់លោក Josep Vives ក្រុម Barcelona នឹងចំណេញទឹកប្រាក់ប្រមាណជាជាង ១០០លានអឺរ៉ូ ក្នុងការរកកីឡាករថ្មីម្នាក់មកជំនួសតំណែងរបស់ Neymar ខណៈក្លិបបានលក់ចេញ Neymar ក្នុងតម្លៃខ្ពស់កប់ពពក។
កីឡាករដែល Barcelona កំពុងតាមប្រមាញ់ មកជំនួស Neymar មានដូចខាងក្រោមនេះ៖
១. Kylian Mbappe របស់ក្រុម Monaco
ខ្សែប្រយុទ្ធបារាំងវ័យក្មេងរូបនេះ កំពុងជាទីពេញចិត្តរបស់ក្រុមធំៗជាច្រើន ជាពិសេសនោះគឺ Real Madrid ដែលជាគូប្រជែងយ៉ាងសំខាន់បំផុត។ បើចង់បានកីឡាករវ័យ ១៨ឆ្នាំរូបនេះ ក្រុម Barcelona អាចចំណាយខ្ទង់ទឹកប្រាក់ ចាប់ពី ១២០-១៨០លានអឺរ៉ូ។
២. Philippe Coutinho របស់ក្រុម Liverpool
កីឡាករបករេស៊ីលរូបនេះ ត្រូវបានក្រុម Barcelona តាមប្រមាញ់ យូរណាស់មកហើយ ខណះក្រុមហង្សក្រហម Liverpool មិនព្រមលក់សោះ។ ក៍ប៉ុន្តែ Coutinho កំពុងតែចង់ មកកាន់ Barcelona យ៉ាងខ្លាំង ដោយរង់ចាំតែភ្លើងខៀវ ពី Liverpool ប៉ុណ្ណោះ កីឡាកររូបនេះតម្លៃខ្លួនជិត ១០០លានផោន។
៣. Ousmane Dembele របស់ក្រុម Dortmund
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ កំពុងតែឡើងជើងយ៉ាងខ្លាំង ស្របពេលដែលក្រុម Barcelona ស្រឡាញ់ទម្រង់លេងរបស់កីឡាកររូបនេះយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ក្រុម Barcelona កំពុងតាមចែរចង់ Dembele ក្នុងតម្លៃ ១០០លានអឺរ៉ូ។
៤. Eden Hazard របស់ក្រុម Chelsea
ខ្សែបម្រើស្លាបប៊ែលហ្សិករូបនេះ កំពុងតែចង់មកកាន់ក្រុម Barcelona យ៉ាងខ្លាំងក្រោយពីការចាកចេញរបស់ Neymar ។ Hazard បានបដិសេធមិនទៅ Real Madrid ដើម្បីឆក់ឱកាសមកកាន់ក្រុម Barcelona ខណះរបួសមិនទាន់ជាស្រួលបួស តែមហិច្ចតាចង់មកក្លុបយក្សអេស្ប៉ាញមួយនេះកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង។ តម្លៃខ្លួនរបស់ Hazard ខ្ទង់ ១០០លានអឺរ៉ូ ប៉ុណ្ណោះ។
៥. Antonie Griezmann របស់ក្រុម Atletico Madrid
Griezmann ក៍ស្ថិតក្នុងក្រសែភ្នែករបស់ក្រុម Barcelona ផងដែរ ក៍ប៉ុន្តែខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ មិនទាន់ចាកចេញពី Atletico Madrid ឡើយ ដោយរង់ចាំរហូតដល់ក្លិបមួយនេះ ផុតការពិន័យពី FIFA សិន ដែលក្រុម Barcelona ចង់បាន ដោយត្រូវរង់ចាំរហូតដល់ដើមខែមករា ២០១៨ ខាងមុខនេះ។ ចំពោះតម្លៃខ្លួនវិញ Griezman គឺមិនក្រោម ១០០លានអឺរ៉ូឡើយ អាចឈានដល់ ១៥០លានអឺរ៉ូក៍ថាបាន។
មតិយោបល់