ព័ត៌មានកីឡា

Chelsea នឹងអវត្តមានកីឡាករឆ្នើម២រូប ក្នុងជំនួប ដណ្តើមពានបើករដូវកាល Community Shield ជាមួយក្រុមកាំភ្លើងធំ Arsenal នាយប់នេះ

ក្រុមតោខៀវ Chelsea ដែលជាម្ចាស់ជើងឯក Premier League កាលពីរដូវកាលមុន កំពុងតែបារម្ភយ៉ាងខ្លាំង ខណៈកីឡាករសំខាន់ ២រូបមិនទាន់ជាសះស្បើយទាំងស្រុង ពីរបួសនៅឡើយ។

លោក Antonio Conte អ្នកចាត់ការក្រុមតោខៀវ Chelsea កំពុងបារម្ភ ក្នុងការប្រកួតដណ្តើមពានបើករដូវកាល Community Shield ជាមួយក្រុមកាំភ្លើងធំ Arsenal ដោយសារកីឡាករមិនទាន់ពេញជើង នៅឡើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយ របស់ Express News បានឲ្យដឹងថា ក្រុម Chelsea នឹងអវត្តមានខ្សែបម្រើស្លាបដ៍ឆ្នើម Eden Hazard និងខ្សែបម្រើកណ្តាលចំណូលថ្មី Tiemoue Bakayoko ដោយសារបញ្ហារបួសមិនទាន់សះស្បើយ។ ការអវត្តមាន កីឡាករទាំង២ ខាងលើនេះ ពិតជាពិបាកខ្លាំងណាស់ សម្រាប់ក្រុម Chelsea ព្រោះថាពួកគេ គឺជា កីឡាករសំខាន់ក្នុងក្លិប ជាពិសេសនោះ Hazard ដែលតែងតែបង្កើតឱកាសរកគ្រាប់បាល់ឲ្យ Chelsea ផងដែរ។

យ៉ាងណាវិញ ការអវត្តមានរបស់ Eden Hazard ត្រូវបានមជ្ឈដ្ឋាន ជាច្រើន ជឿជាក់ថា ខ្សែបម្រើស្លាបវ័យ ២៦ឆ្នាំរូបនេះ កំពុងតែត្រៀមខ្លួន ក្នុងការផ្លាស់ទៅកាន់ក្រុម Barcelona ។ ក៍ប៉ុន្តែ នេះគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ ខណៈធាតុពិត របួសរបស់ Hazard មិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេ។ ចំណែក Tiemoue Bakayoko វិញ ក៍មិនទាន់ពេញជើង ១០០%ដែរ ដោយសាររបួសមិនទាន់ជា​ ដែលទាមទារឲ្យសម្រាកបណ្តោះអាសន្នសិន។

ដូច្នេះហើយ បើទោះបីជា ពាន Community Shield សំខាន់តែ លោក Conte ក៍មិនអាចដាក់ Hazard និង Bakayoko ឲ្យលេងទាំងរបួសបានដែរ ដោយរង់ចាំរបួសរបស់ពួកគេបានសះស្បើយសិន។

មតិយោបល់