រឿងរ៉ាវ ដែលកំពុងបង្កភាពរ៉ាំរ៉ៃ ចំពោះក្រុម Paris Saint Germain ពេលនេះ បានឈានដល់ការដោះស្រាយរួចរាល់ជាស្ថាពរហើយ ក្រោយពីខ្សែប្រយុទ្ធតម្លៃថ្លៃកប់ពពក Neymar បានចេញមុខសុំទោស ចំពោះ Edinson Cavani ចំពោះហេតុការណ៍ នាពេលកន្លងមក។
ជាការពិតណាស់ តាមរយៈ Instagram ផ្ទាល់ របស់ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានចេញមុខសុំទោស ចំពោះ Cavani នូវរឿងរ៉ាង មិនល្អនាពេលកន្លងមក។ ម្យ៉ាងវិញទៀត រូបភាពដែលថតបាន ពីទីលានហ្វឹកហាត់របស់ក្រុម Paris Saint Germain បានបង្ហាញឲ្យឃើញថា ទំនាក់ទំនងរវាង Neymar និង Cavani មិនមានភាពប្រែប្រួលឡើយ គឺដូចគ្មានអ្វីកើតឡើងអ៊ីចឹង។ ជាក់ស្តែងណាស់ ភាពចម្រូងចម្រាស់ ត្រូវបានបញ្ចប់នេះ ដោយសារតែ Neymar បានសុំទោស Cavani ចំពោះបញ្ហានេះ ព្រោះថា Neymar បានយល់ច្បាស់ពីអ្វីដែលជាកំហុសរបស់គេ ក្នុងជំនួបជាមួយក្រុម Lyon កន្លងមក។ យ៉ាងណាវិញ ការបន្ទាបឥរិយាបថ របស់ Neymar នេះដែរ បានដោះ ស្រាយបញ្ហា ដែលកំពុងកើតឡើងត្រឹមមួយគ្រាប៉ុណ្ណោះ ខណៈ ការប្រកួតក្រោយៗមកទៀត កីឡាករទាំង២ អាចនឹងមានការខ្វែងគំនិតគ្នា ចំពោះការទាត់បាល់ពិន័យ ទាំង ១១ម៉ែត្រ និងបាល់ពិន័យក្រៅប្រអប់គ្រោះថ្នាក់។
ហេតុនេះហើយ មានតែក្លិប Paris Saint Germain ប៉ុណ្ណោះ ដែលត្រូវតែកំណត់ឲ្យបានច្បាស់ នូវតួនាទីរបស់កីឡាករទាំង២រូបនេះ ដើម្បីកុំឲ្យមានបញ្ហា ដូចពេលនេះទៀត។ ចាំមើលថា Neymar និង Cavani អាចសហការគ្នា បានយ៉ាងល្អដូចមុនពេល កើតមានជម្លោះ នេះឬយ៉ាងណា?
មតិយោបល់