ព័ត៌មានកីឡា

សត្រូវចាស់ ៥ឆ្នាំ មុនប៉ះគ្នាជាថ្មីម្តងទៀត

ក្រៅពីក្រុម Real Madrid ដែលត្រូវជួបក្រុមខ្លាំង Paris Saint Germain នោះក្រុម Barcelona ក៍មិនជាសំណាងប៉ុន្មានដែរ ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនេះ ដោយត្រូវជួបក្រុមសត្រូវចាស់ តោខៀវ Chelsea ។

នេះគឺជាការចាប់ឆ្នោត ដ៍កម្រមួយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកតាម​ដានបាល់ទាត់ទាំងអស់។ ជាក់ស្តែងណាស់ ក្រុមសត្រូវឈ្នះចាញ់ គ្នាទៅវិញទៅមក តោខៀវ Chelsea នឹងត្រូវជួបក្រុមអ្នកមានបុណ្យ Barcelona នៅវគ្គ ១៦ក្រុម Champion League រដូវកាលថ្មីនេះ។ សម្រាប់ Chelsea វិញ ការឡើងមកសារជាថ្មី របស់ពួកគេ នៅ Champion League នេះ គឺពួកគេមានបំណងចង់បានពាននេះ ជាលើកទី២ ក្រោយខកខានកាន់ចាប់តាំងពីឆ្នាំ ២០១២មកម្លេះ។ ក៍ប៉ុន្តែ ផ្លូវដែលក្លិបអង់គ្លេសមួយនេះ កំពុងដើរត្រូវជួបរនាំងដ៍ធំមួយ គឺ Barcelona ដែលជាក្រុមខ្លាំង និងមិនមានប្រវត្តិធ្លាក់វគ្គ ១៦ក្រុមចុងក្រោយឡើយ ក្នុងរយៈពេលជិតមយទសវត្សរ៍ ចុងក្រោយនេះ។

យ៉ាងណាវិញ សម្រាប់ក្រុម Barcelona ក៍មិនសូវជាពេញចិត្តប៉ុន្មានឡើយ ក្នុងការជួបក្រុមតោខៀវ Chelsea ថ្វីដ្បិតតែពួកគេជាក្រុមរឹងមាំ និងពោរពញទៅ​ដោយកីឡាករល្អៗ តែ Barcelona មានប្រវត្តិមិនសូវជាល្អ នៅពេលជួបក្រុមអង់គ្លេសមួយនេះឡើយ។ ម្យ៉ាងវិញទៀតនោះ ការជួប Chelsea ក្រុម Barcelona ធ្លាប់ទម្លាក់គ្នាម្តងម្នាក់មែន តែភាគច្រើន Barcelona តងែស៊យក្នុងពេលជួបក្រុមមួយនេះ។ នេះគ្រាន់តែជាចំណុចខ្សោយរបស់ក្រុមទាំង២ កាលពីអតីតកាលប៉ុណ្ណោះ ព្រោះថាក្រុម Barcelona និង Chelsea ខានជួបគ្នារយៈពេល ៥ឆ្នាំកន្លងមកហើយ ពោលចាប់ពីឆ្នាំ ២០១២ កន្លងមក ដែលកាលណោះ Chelsea បានទម្លាក់ Barcelona នៅវគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រួចបន្តទៅយកឈ្នះបាល់ ១១ម៉ែត្រលើក្រុម Bayern Munich ដើម្បីក្លាយជាជើងឯក លើកដំបូងរបស់ពួកគេ។

ខាងក្រោមនេះ ជាប្រវត្តិជួបគ្នា ៤ប្រកួតចុងក្រោយរវាងក្រុម ទាំង២៖
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ឆ្នាំ ២០១២
Barcelona ២-២ Chelsea
Chelsea ១-០ Barcelona
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ឆ្នាំ ២០០៩
Chelsea ១-១ Barcelona
Barcelona ០-០ Chelsea

រង់ចាំមើលថា រវាងក្រុម Barcelona និងក្រុម Chelsea តើមួយណាដែលនឹងត្រូវចាកចេញពី​ Champion League ហើយក្រុមមួយណាដែលត្រូវឡើងទៅកាន់វគ្គបន្ត ខណៈការប្រកួតជើងទីធ្វើឡើងក្នុងទឹកដីក្រុម Chelsea នៅថ្ងៃទី២០ ខែកុម្ភៈ និងជើងទី២ ធ្វើឡើងក្នុងទឹកដីក្រុម Barcelona នៅថ្ងៃទី១៤ មីនា ២០១៨ ខាងមុខនេះ។

មតិយោបល់