គ្រូបង្វឹកក្រុម សេះបង្កង់ Juventus បានចេញមុខបដិសេធ ចំពោះពាក្យចរចាមអារាមជាច្រើន ទាក់ទងជាមួយនឹងការផ្ទេរខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala ទៅកាន់ក្រុមនៅប្រទេសអេស្ប៉ាញ។
បើតាមការចុះផ្សាយរបស់កាសែត Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juventus មិនមានបំណងលក់ Paulo Dybala ឡើយ នៅរដូវក្តៅខាងមុខនេះ។ ក្នុងនោះដែរ លោក Allegri បានបដិសេធ ចំពោះពាក្យចរចាមអារាមមួយ ដែលបាននិយាយថា ក្លិបបានយល់ព្រមលក់ Dybala ទៅឲ្យក្រុម Atletico Madrid មិនតែប៉ុណ្ណោះ រវាងក្លិបទាំង២នេះដែរ បានឈានទៅដល់ការយល់ព្រម ចុះកុងត្រា ៥ឆ្នាំជាមួយ ក្លិបអេស្ប៉ាញមួយនេះផងដែរ។
គ្រូបង្វឹកអ៊ីតាលីរូបនេះ បានបន្តទៀតថា Dybala ជាកីឡាករសំខាន់របស់ក្លិប ម្យ៉ាងរូបគេសប្បាយចិត្តក្នុងការលេងនៅអ៊ីតាលី ជាជាងការផ្លាស់ទៅកាន់ក្លិបថ្មី ជាងនេះទៅទៀត នៅរដូវក្តៅខាងមុខនេះ Juventus មានបំណងចង់យកកីឡាករមកពង្រឹងក្លិបបន្ថែម ខណៈការលក់កីឡាករវិញនោះ ប្រហែលជាមិនអាចកើតមានឡើយ។
គួរបញ្ជាក់ផងដែរថា Paulo Dybala កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីក្លិបបាល់ទាត់ធំៗ នៅអឺរ៉ុប មានទាំងក្រុមបីសាចក្រហម Manchester United, Real Madrid, Barcelona និង Atletico Madrid កំពុងប្រជែងគ្នាចង់បានកីឡាករអាហ្សង់ទីនរូបនេះ។
មតិយោបល់