បន្ទាប់ពីប្រកួតចាញ់ ក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីសប្តាហ៍មុនកន្លងមក កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi យល់យ៉ាងច្បាស់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន និងមិនអាចឈ្នះពានពិភពលោក World Cup ឡើយ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Lionel Messi បានមើលឃើញពីភាពបរាជ័យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រជែងពាន World Cup នៅរុស្ស៊ីឆ្នាំនេះ។ Messi បាននិយាយថា៖ ពួកយើងមិនមានសង្ឃឹមក្នុងការឈ្នះពាន World Cup ឡើយ ថ្វីដ្បិតតែយើងចង់ឈ្នះវា តែវាមិនងាយស្រួលឡើយ ព្រោះមានក្រុមដែលខ្លាំងជាងយើងទៀត ដែលកំពុងចង់ឈ្នះដូចយើងដែរ។ អាហ្សង់ទីន និងមិនអាចឈ្នះឡើយ តែសម្រាប់ខ្ញុំបានមើលឃើញក្រុម៤ ដែលអាចនឹងឈ្នះ World Cup ឆ្នាំនេះ រួមមាន អេស្ប៉ាញ, អាឡឺម៉ង់, ប្រេស៊ីល និងបារាំង ដែលពួកគេទាំង៤នេះ មានសក្តានុពល កីឡាករល្អៗច្រើនជាងអាហ្សង់ទីន ហើយសាកសមបំផុត ក្នុងការឈ្នះពាន World Cup ឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា អាហ្សង់ទីន បានបរាជ័យក្រោមថ្វីជើងក្រុមអេស្ប៉ាញ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-១ ដោយមិនមានវត្តមាន របស់ Lionel Messi លេងឡើយ ខណៈការបរាជ័យនេះ គឺជាសញ្ញាណមួយ បង្ហញឲ្យឃើញថា ក្រុមអាហ្សង់ទីន នៅមានចន្លោះប្រហោងច្រើន ក្នុងការត្រៀមខ្លួនលេង World Cup នៅរុស្សីឆ្នាំនេះ ស្របពេលដែលក្តីបំណងរបស់ Lionel Messi ចង់ឈ្នះពាននេះយ៉ាងខ្លាំង ព្រោះថា វាអាចជាឱកាសចុងក្រោយ សម្រាប់ Messi ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។


មតិយោបល់