បន្ទាប់ពីការចាកចេញរបស់ Ronaldo ទៅកាន់ក្រុមសេះបង្កង់ Juventus រួចមក Real Madrid នៅមិនទាន់រកកីឡាករជំនួសបានឡើយ ខណៈ Gareth Bale ត្រូវបានគេរំពឹងថា នឹងជំនួសតំណែងនេះ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Marco Asensio ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករដែលជំនួសតំណែងរបស់ Ronaldo នារដូវកាលនេះ។ ក្នុងនោះដែរ Asensio កំពុងតែដើរតាមគន្លងកីឡាករកំពូល Lionel Messi ពោលលែងក្លាយជាស្រមោលរបស់ កីឡាកររូបណាទៀត ហើយចាប់ផ្តើមសាងភាពល្បីល្បាញដោយខ្លួនឯង។ គួរបញ្ជាក់ផងដែរថា Messi ដំបូងឡើយលេងបម្រុងប៉ុណ្ណោះ ដោយសារវត្តមានរបស់ Ronaldinho តារាឆ្នើមប្រេស៊ីលជារបាំងរារាំងកីឡាករអាហ្សង់ទីនរូបនេះ។
រហូតដល់ពេល Ronaldinho ចាកចេញពី Barcelona ជាឱកាសមួយធ្វើឲ្យ Messi សាងភាពល្បីល្បាញបានរហូតមកទល់បច្ចុប្បន្ននេះ។ ក្រឡេកមើល Asensio ពេលនេះវិញ ក្រោយការចាកចេញរបស់ Ronaldo កីឡាករអេស្ប៉ាញរូបនេះ ចាប់ផ្តើមឡើងកូដក្រឺតក្រឺត ម្យ៉ាងតារាវ័យ២២ឆ្នាំរូបនេះ នឹងក្លាយជា Ronaldo ថ្មីរបស់ Real Madrid ផងដែរ។
ដូច្នេះហើយ Marco Asensio មិនខុសពី Lionel Messi ឡើយ ក្រោយការចាកចេញរបស់ Ronaldo រូបគេនឹងមានឱកាសថ្មីក្នុងការកសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញក្នុងវិស័យបាល់ទាត់ជាក់ជាមិនខាន។




មតិយោបល់