ក្លឹប Barcelona បានចេញលិខិតបញ្ជាក់ថាកីឡាករ Lionel Messi មិនទាន់ទៅដល់ប្រទេសទួរគីទេ អំឡុងពេលកងទ័ពប្រទេសមួយនេះធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Recep Tayyip Erdogan ចេញពីតំណែង។
ប្រទេសទួរគី បច្ចុប្បន្ននេះកំពុងតែចលាចលខ្លាំងមែនទែន បន្ទាប់ពីក្រុមកងទ័ពបានលើកគ្នាធ្វើរដ្ឋប្រហារកាលពីយប់មិញនេះ។ ខណៈដែលមានកីឡាកររបស់ក្រុម Barcelona ជាច្រើននាក់កំពុងតែស្ថិតក្នុងប្រទេសមួយនេះ ដើម្បីធ្វើការប្រកួតសប្បុរសធម៍នៅប៉ុន្មានថ្ងៃខាងមុខនេះ។ កីឡាករ Arda Turan, Eto’o, Carles Puyol, Deco និង Eric Abidal សុទ្ធតែមានវត្តមាននៅទឹកដីទួរគីទាំងអស់ ខណៈដែលកីឡាករផ្សេងទៀតដូចជា Messi អីជាដើម ត្រូវបានគេដឹងកំពុងធ្វើដំណើរមក អំឡុងពេលមានរដ្ឋប្រហារនោះ។ យ៉ាងណាមិញ ក្លឹប Barcelona បានបញ្ជាក់ថាក្រុមកីឡាកររបស់ពួកគេបានលុបចោលការធ្វើដំណើរនោះហើយ ខណៈដែល Messi ក៏មិនមកទួរគីដែរ។ ចំពោះក្រុមអតីតកីឡាករ Barca ដែលកំពុងនៅក្នុងប្រទេសទួរគីទាំងអស់នោះ គឺមិនមានគ្រោះថ្នាក់នោះ ពោលគឺពួកគេនៅឆ្ងាយពីកន្លែងធ្វើរដ្ឋប្រហារ៕
មតិយោបល់