ខ្សែបម្រើឆ្នើមណាហ្គាវ៉ើល គួច សុកុម្ភៈ ព្យាករណ៍ក្រុមក្រសួងកាពារជាតិ នឹងឆក់ឱកាសលើកពានលីគកំពូលឆ្នាំនេះបានសម្រេច ពីក្រុមកំពូលតារាងបច្ចុប្បន្នបឹងកេតអង្គរ។
អតីតប្រធានក្រុមជម្រើសជាតិរូបនេះនិយាយថា សម្រាប់៣ប្រកួតដែលនៅសល់ ក្រសូងកាពារជាតិ និងប៉ះដៃគូស្រួលយកឈ្នះជាងបឹងកេត ហើយឆន្ទៈកីឡាករកំពុងតែពុះកញ្ជ្រោលជាងមុន។ ផ្ទុយពីបឹងកេតដែលប៉ះក្រុមខ្លាំង ហើយកីឡាករ២នាក់ទើបតែរបួសទៀតផង។
« មើលទៅខ្ញុំថាទ័ពនឹងលើកពានឆ្នាំនេះ ព្រោះ៣ប្រកួតចុងក្រោយហ្នឹងគេប៉ះតែក្រុមមិនសូវខ្លាំង ដូច្នេះមិនពិបាកដណ្តើមពិន្ទុឡើយ។ ចំណែកស្មារតីវិញ មិនមានសម្ពាធខ្លាំងដូចបឹងកេត ដែលកំពុងត្រូវការឈ្នះដាច់ខាត ហើយ ហុង ផេង និង ឃួន ឡាបូរ៉ាវី ក៏របួសទៀត។» សម្តី គួច សុកុម្ភៈ។
យ៉ាងណាក្តី សមាជិកណាហ្គារូបនេះបន្ថែមថា បាល់ទាត់គ្មានអ្វីទៀតទាត់ឡើយ ដូច្នេះលទ្ធផលនឹងសម្រេចលើទីលានផ្ទាល់ ដោយថាយ៉ាងណាបឹងកេតនឹងព្យាយាមពង្រឹងក្រុមបន្ថែម ដើម្បីលើកពានដែលខកខានតាំងពីឆ្នាំ២០១២មក។
ក្រសូងកាពារជាតិ បច្ចុប្បន្នមាន៣៧ពិន្ទុ ចាញ់បឹងកេតតែ១ពិន្ទុប៉ុណ្ណោះ ខណៈ៣ប្រកួតចុងក្រោយនឹងប៉ះ ព្រះខ័នរាជស្វាយរៀង អាស៊ីអឺរ៉ុប និងស៊ីម៉ាក់។ ចំណែកបឹងកេត នឹងប៉ះ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និង ប៉ូលិស។
មតិយោបល់