Lionel Messi បានបដិសេធមិនទាន់ព្រមបន្ដកុងត្រាជាមួយក្លឹប Barcelona នៅឡើយទេ ក្រោយពីការចរចាតម្លៃខ្លួនរបស់គេនិងក្លិបមិនទាន់ត្រូវគ្នា ពោលគឺ Messi ទាខ្ពស់ពេក លើសអ្វីដែលក្លឹបអាចផ្ដល់ឱ្យបាន។
ចំពោះតម្លៃខ្លួនដែល Messi ចង់បាននោះ គឺរហូតដល់ទៅ៨២៥ ០០០ផោនឯណោះ ពោលគឺលើសកីឡាករផ្សេងៗទាំងអស់នៅលើលោកនេះ រួមទាំង Cristiano Ronaldo ដែលទើបតែតកុងត្រាជាមួយ Real Madrid នោះផងដែរ។ ដោយហេតុនេះដែរ ក្លឹប Barcelona នៅមិនទាន់ហ៊ានសម្រេចថាអាចនឹងចំណាយប្រាក់ច្រើនយ៉ាងនេះឬអត់នៅឡើយទេ ដោយត្រូវរង់ចាំពិភាក្សាគ្នាបន្ដទៀតសិន។
កាសែត Marca របស់អេស្ប៉ាញបានបញ្ជាក់ដូច្នេះទៀតថា ចាប់តាំងពី Dani Alves បានចាកចេញទៅលេងនៅ Juventus ទៅ ខ្សែប្រយុទ្ធលេខ១០រូបនេះ ហាក់មិនសប្បាយចិត្តជាមួយប្រធានក្លឹបនោះទេ ត្បិតអីកីឡាកររូបនេះមិនចង់ឱ្យមិត្តរួមក្រុមម្នាក់នេះចាកចេញឡើយ។
សូមបញ្ជាក់ថា Lionel Messi នៅឆ្នាំ២០០៤រូបគេទទួលបានប្រាក់ ១ ៥០០អឺរ៉ូក្នុង១សប្ដាហ៍នៅ Barcelona ហើយនៅឆ្នាំ២០០៨ ក្នុងកុងត្រាថ្មីរូបគេទទួលបាន ១៦២ ០០០អឺរ៉ូក្នុង១សប្ដាហ៍ និងឆ្នាំ២០១៤ តកុងត្រាថ្មីទទួលបាន ៤០០ ០០០អឺរ៉ូក្នុង១សប្ដាហ៍។ កុងត្រានេះ នឹងអស់សុពលភាពនៅឆ្នាំ២០១៨ខាងមុខ៕
មតិយោបល់