តើអ្នកកំពុងមានបញ្ហា Memory ក្នុងទូរស័ព្ទរបស់អ្នកចង្អៀតនែន មិនអាចថតរូបភាព-វីដូអូ ឬក៏បញ្ចូលកម្មវិធីថ្មីៗបន្ថែមទៀតបានមែនទេ? បើដូចនេះមែន គន្លឹះងាយៗទាំង ៥ ខាងក្រោមនេះ ពិតជាអាចជួយលោកអ្នកបាន៖
១- សម្អាត Cache Memory
កម្មវិធី Android ជាច្រើនតែងទាញយកទិន្នន័យមកប្រើប្រាស់ពីក្នុង Cache Memory ដើម្បីជួយឱ្យល្បឿនដំណើរការរបស់វាកាន់តែប្រសើរ។ ប៉ុន្តែ Cache Memory នេះ អាចជួយសម្រួលល្បឿនដំណើរការបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាចាប់យកទំហំផ្ទុកក្នុង Memory ម៉ាស៊ីន ទៅតាមប្រភេទកម្មវិធីនីមួយៗ ហើយវាចាប់យកកាន់តែច្រើនឡើងៗ នៅពេលដែលលោកអ្នកប្រើកម្មវិធីទាំងនោះកាន់តែយូរ។ ម្លោះហើយ យូរៗម្តង លោកអ្នកគួរតែសម្អាតវាចោល ដោយចូលទៅកាន់កម្មវិធី Settings > Applications > Application Manager រួចស្វែងរកមើលកម្មវិធីណាដែលស៊ី Memory ច្រើន ហើយចុចលើ Storage បន្ទាប់មក ចុចលើ Clear Cache។
២- លុបឯកសារដែលបានទាញយកពីអ៊ីនធើណែតចោល
នៅលើទូរស័ព្ទប្រភេទ Android គឺមាន Folder មួយឈ្មោះ Download សម្រាប់រក្សាឯកសារផ្សេងៗដែលលោកអ្នកបានទាញយកពីអ៊ីនធើណែត ដូចជា រូបថត វីដេអូ ឬបទចម្រៀងជាដើម។ល។ ចំពោះឯកសារទាំងនេះភាគច្រើន គឺមិនសំខាន់ចាំបាច់នោះទេ ពោលគឺលោកអ្នកតែងតែទុកវាចោល។ បើដូច្នេះមែន លោកអ្នកគួរតែលុបវាចេញដើម្បីបង្កើនទំហំ Memory ក្នុងទូរស័ព្ទរបស់អ្នក ដោយចូលទៅកាន់ My Files រួចធ្វើការជ្រើសរើសលើឯកសារណាដែលមិនសំខាន់ ហើយស៊ីទំហំ Memory ច្រើន បន្ទាប់មក ចុចលើប៊ូតុង Delete ជាការស្រេច។
៣- ផ្ទេរទិន្នន័យចូលក្នុងកម្មវិធី Google Photos
លោកអ្នកប្រហែលជាមើលរំលងកម្មវិធីផ្ទុករូបថតលើអនឡាញដោយសេរីរបស់ក្រុមហ៊ុន Google ហើយ។ កម្មវិធីនេះ អនុញ្ញាតឱ្យលោកអ្នកផ្ទុករូបថតក្នុងចំនួនឥតកំណត់ និងមិនគិតថ្លៃអ្វីឡើយ។ ដូច្នេះ លោកអ្នកគួរតែបញ្ចូនរូបភាពចាស់ៗទាំងប៉ុន្មានទៅរក្សាទុកលើនោះ រួចលុបរូបទាំងនោះចេញពី Memory ទូរស័ព្ទ។ ដើម្បីធ្វើដូចនេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី Google Photos (បើមិនមានអាចទាញយកតាម Play Store) រួចចូលទៅកាន់ Settings -> Backup & Sync រួចចុចវាបើក។
បន្ទាប់ពីដំណើរការទាញយកទិន្នន័យទៅផ្ទុកក្នុង Google Photos ចប់សព្វគ្រប់ អ្នកអាចចូលទៅលុបទិន្នន័យរូបថតលើទូរស័ព្ទតាម Settings -> Free up device storage។
៤- រុញកម្មវិធីទៅផ្ទុកក្នុង Memory Card
កម្មវិធីដែលអ្នកបានដំឡើងប្រើក្នុងទូរស័ព្ទអាចជាមូលហេតុដែលនាំឱ្យ Memory ម៉ាស៊ីនឆាប់ពេញ ប្រសិនបើអ្នកមិនបានកំណត់វាឱ្យផ្ទុកក្នុង Memory Card ដោយស្វ័យប្រវត្តិទេនោះ។ បើដូច្នេះមែន លោកអ្នកគួរតែរុញវាឱ្យចូលទៅ Memory Card ដោយចូលទៅកំណត់ក្នុងកម្មវិធី Settings -> Applications -> Application Manager ហើយរើសយកកម្មវិធីដែលអ្នកចង់ផ្លាស់ប្តូរឱ្យវាទៅរក្សាទុកក្នុង Memory Card រួចចុចលើ Move to SD Card។ បញ្ចាក់ៈ ចំពោះហ្គេមធំៗ ផ្នែកខ្លះនៃទិន្នន័យរបស់វាមិនអាចរុញទៅផ្ទុកក្នុង Memory Card បានទេ។
៥- លុបកម្មវិធីមិនបានការចោល
ប្រសិនបើគន្លឹះទាំងប៉ុន្មានខាងលើមិនអាចជួយធ្វើឱ្យ Memory ម៉ាស៊ីនទូរស័ព្ទរបស់អ្នកនៅទំនេរបានច្រើនគ្រប់គ្រាន់ លោកអ្នកអាចស្វែងរកកម្មវិធីណាដែលមិនបានការ ឬឈប់ប្រើដើម្បីលុបចោល ជាពិសេសកម្មវិធីដែលស៊ីទំហំ Memory អស់ធំ។ ដើម្បីធ្វើដូចនេះ អ្នកអាចចូលទៅកាន់ Settings -> Storage -> Apps រួចស្វែងរកឈ្មោះកម្មវិធីណាដែលអ្នកចង់លុប ហើយចុចលើប៊ូតុង Uninstall ជាការស្រេច៕
មតិយោបល់