ព័ត៌មានបច្ចេកវិទ្យា

Sony អះអាងថា Xperia ម៉ូឌែលចាស់ៗនឹងទទួលបានកំណែ Android 8.0 Oreo លើកលែងតែគ្រួសារ…

ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ដែលទើបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្មីៗនេះ ត្រូវបានក្រុមហ៊ុន Google កែលំអរ និងបន្ថែមលក្ខណ:សម្បត្តិថ្មីៗជាច្រើន ដូចជា បានបង្កើនល្បឿនបម្លាស់ទីពីផ្ទាំងកម្មវិធីមួយទៅមួយឱ្យលឿនជាងមុនទ្វេដង បន្ថែមមុខងារ Picture-to-Picture (អនុញ្ញាតឱ្យបើកកម្មវិធីពីរត្រួតគ្នាលើអេក្រង់តែមួយ) អាចបំពេញលេខកូដសម្ងាត់ដោយស្វ័យប្រវត្តិបន្ទាប់ពីទទួលបានការអនុញ្ញាតពីអ្នកប្រើប្រាស់ និងពង្រឹងប្រព័ន្ធសុវត្ថិភាពឱ្យកាន់តែរឹងមាំ ជាដើម។ល។

រហូតមកទល់ពេលនេះ មានតែស្មាតហ្វូនតែ ០.៩% ប៉ុណ្ណោះដែលដំណើរការលើវា។ ពោលគឺ ប្រព័ន្ធប្រតិបត្តិការសម្រាប់បំពាក់លើឧបករណ៍ចល័តដែលមានស្មាតហ្វូន និងថេប្លេតជំនាន់ចុងក្រោយនេះ មានវត្តមានតែនៅលើកំពូលស្មាតហ្វូនដែលទើបប្រកាសចេញថ្មីៗនេះប៉ុណ្ណោះ ជាពិសេសស្មាតហ្វូនពីក្រុមហ៊ុន Google ផ្ទាល់ដែលមាន ស៊េរី Pixel និង Nexus។

ទោះយ៉ាងណា ដើម្បីអនុញ្ញាតឱ្យអតិថិជនទទួលបានបទពិសោធជាមួយប្រព័ន្ធដ៏ទំនើប និងសម្បូរបែបនេះ ក្រុមហ៊ុន Sony បានចេញមុខប្រកាសថា Xperia ម៉ូឌែលចាស់ៗក៏នឹងអាចកែឡើងបានដែរ ក្រៅពី Xperia XZ1 និង XZ1 Compact ដែលដើរលើប្រព័ន្ធថ្មីនេះចេញពីប្រអប់ស្រាប់ លើកលែងតែស៊េរី Xperia Z5 ដែលកម្រិតសមត្ថភាព Hardware របស់វាទាបពេក។

បើតាមការប្រកាសរបស់ក្រុមហ៊ុន គ្រួសារ Xperia ដែលនឹងអាចកែឡើង Android Oreo បាន គឺរួម Xperia XZ Premium រហូតដល់ XZs, Xperia X និង XA1, Xperia X Performance, XZ, X Compact, XA1 Ultra, XA1 Plus ហើយវានឹងដាក់ឱ្យធ្វើបច្ចុប្បន្នភាពតាម OTA (Over-The-Air) ឬតាមទូរសព្ទផ្ទាល់ នៅមុនបណ្តាច់ឆ្នាំ ២០១៧ នេះ៕

ប្រភពព័ត៌មាន: pocketnow

មតិយោបល់